ខេត្តប៉ៃលិន៖ កាលពី ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក អ៊ី ឈាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោក កើត សុធា ប្រធាន គណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិកសមាជិកាបក្សមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ៣០០នាក់ផងដែរ។
លោក កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រយៈពេល៥ឆ្នាំចុងក្រោយដែលគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គណបក្សបានជួបប្រទះនូវឧបសគ្គតូច ធំ រាប់មិនអស់ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ សភាពការណ៍ តានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ហើយជាបន្តបន្ទាប់មកទៀត ក៏បានលេចឡើងនូវឧបាយកល និងសកម្មភាពជាច្រើនដែលមានបំណងបន្ទុចបន្អាក់បង្កចលាចល និងរារាំងដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រហូតឈានដល់មានពួកក្បត់ជាតិឃុបឃិតជាមួយបរទេស រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក កើត សុធា បានមានប្រសាសន៍បន្ដថា៖ ទោះបីជាសភាពការណ៍កន្លងទៅមានលក្ខណៈតានតឹង និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏គណៈកម្មាធិការគណបក្សខេត្ត និងគណបក្សគ្រប់ជាន់ថ្នាក់ក្នុងទូទាំងខេត្ត បានអនុវត្តន៍តាមគោលការណ៍ គោលនយោបាយរបស់គណបក្ស និងផែនការណែនាំរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ដោយខិតខំជម្នះបានរាល់ឧបសគ្គ ឈានទៅទទួលបាននូវស្ថានភាពល្អប្រសើរទាំងសន្តិសុខសាធារណៈ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ព្រមទាំងធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម ។
លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ឆ្នាំ២០១៨ នេះ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល (២០១៣-២០១៨) និងជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំទៀត នៅពេលខាងមុខនេះដែរ ដូច្នេះ ពិតជាមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើនាពេលចំពោះមុខ ក្នុងនោះគឺតម្រូវឲ្យយើងគ្រប់គ្នាធ្វើកិច្ចការឲ្យបានល្អ ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូនកន្លងមក ពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងសមាជិកនៃអង្គសន្និបាត បានឡើងបញ្ចេញមតិយ៉ាងផុសផុលរួចមក ជាលទ្ធផលអង្គសន្និបាតគណបក្សប្រជាជនកម្ពុជានាឆ្នាំនេះ បានដាក់ចេញនូវទិសដៅមួយចំនួនដូចជា៖ 1-គណបក្សមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បញ្ហាសន្តិសុខ (ភូមិ-ឃុំ មានសុវត្ថិភាព) ពិសេសការពារសន្លឹកឆ្នោត និងការិយាល័យបោះឆ្នោត។ 2- បន្តអនុវត្តកិច្ចការងារ ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ (ធ្វើដូចភ្លៀងរលឹម តាមអភិក្រម ៥ចំណុច របស់ សម្តេចតេជោ)។ 3- ខិតខំផ្សព្វផ្សាយសមិទ្ធផលស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា ដល់ប្រជាជនឱ្យបានយល់ជ្រាបច្បាស់។ 4-ប្រមូលចងក្រងទិន្នន័យសមាជិកតាមក្រុមបក្សឱ្យបានច្បាស់លាស់ និងពង្រីកសមាជិកថ្មីបន្ថែមទៀត ដើម្បីយកប្រៀបឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ និង 5-បន្តសាមគ្គីភាពផ្ទៃក្នុង ទាំងរដ្ឋ ទាំងក្នុងជួរបក្ស ។
នៅក្នុងឱកាសនោះដែរ គណអធិបតី ក៏បានចែកជូនដល់សមាជិក សមាជិកា ដែលមកពីមូលដ្ឋាន ចំនួនប្រមាណជាង ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕ ស សារ៉េត