ព័ត៌មានទាន់ហេតុការណ៍៖

នៅគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពី ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សន្និបាតបូកសរុបលទ្ធ​ផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក អ៊ី ឈាន សមាជិក​អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា ចុះជួយខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោក កើត សុធា ប្រធាន ​​គណបក្ស​ប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិកសមាជិកាបក្សមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ៣០០នាក់ផងដែរ។

លោក កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍លើក​ឡើងថា៖ រយៈពេល៥ឆ្នាំចុងក្រោយដែលគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គណបក្សបានជួប​ប្រទះ​នូវឧបសគ្គតូច ធំ រាប់មិនអស់ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ សភាពការណ៍ តានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ហើយជាបន្តបន្ទាប់មកទៀត ក៏បានលេចឡើងនូវឧបាយកល និងសកម្មភាពជាច្រើនដែល​មានបំណងបន្ទុចបន្អាក់បង្កចលាចល និងរារាំងដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រហូតឈាន​ដល់មានពួកក្បត់ជាតិឃុបឃិតជាមួយបរទេស រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក កើត សុធា បានមានប្រសាសន៍បន្ដថា៖ ទោះបីជាសភាពការណ៍កន្លងទៅមានលក្ខណៈតានតឹង និងស្មុគ​ស្មាញ​យ៉ាងណាក៏ដោយ ក៏គណៈកម្មាធិការគណបក្សខេត្ត និងគណបក្សគ្រប់ជាន់ថ្នាក់ក្នុងទូទាំងខេត្ត បានអនុវត្តន៍​តាមគោលការណ៍ គោលនយោបាយរបស់គណបក្ស និងផែនការណែនាំរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មា​ធិការ​​កណ្តាលគណបក្ស ដោយខិតខំជម្នះបានរាល់ឧបសគ្គ ឈានទៅទទួលបាននូវស្ថានភាព​ល្អប្រសើរទាំង​សន្តិសុខសាធារណៈ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ព្រមទាំងធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម ។

លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមាន​ប្រសាសន៍​​លើក​ឡើងថា៖ ឆ្នាំ២០១៨ នេះ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល (២០១៣-២០១៨) និងជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំទៀត នៅពេលខាងមុខនេះដែរ ដូច្នេះ ពិតជាមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើនាពេលចំពោះមុខ ក្នុងនោះគឺតម្រូវឲ្យយើងគ្រប់គ្នា​ធ្វើកិច្ចការឲ្យ​បានល្អ ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំគណបក្ស និងក្រុម​ការងារគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេច​រាល់​ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូនកន្លងមក ពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងសមាជិកនៃអង្គសន្និបាត បានឡើងបញ្ចេញមតិយ៉ាងផុសផុលរួចមក ជាលទ្ធផលអង្គសន្និបាតគណបក្សប្រជាជនកម្ពុជានាឆ្នាំនេះ បានដាក់ចេញនូវទិសដៅមួយចំនួនដូចជា៖ 1-គណ​បក្សមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បញ្ហាសន្តិសុខ (ភូមិ-ឃុំ មានសុវត្ថិភាព) ពិសេស​​​ការពារសន្លឹកឆ្នោត និងការិយាល័យបោះឆ្នោត។ 2- បន្តអនុវត្តកិច្ចការងារ ការផ្តល់សេវា​សាធារណៈ​គ្រប់ប្រភេទ (ធ្វើដូចភ្លៀងរលឹម តាមអភិក្រម ៥ចំណុច របស់ សម្តេចតេជោ)។ 3- ខិតខំផ្សព្វផ្សាយសមិទ្ធផល​ស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា ដល់ប្រជាជនឱ្យបានយល់ជ្រាបច្បាស់។ 4-ប្រមូលចងក្រងទិន្នន័យ​សមាជិកតាមក្រុមបក្សឱ្យបានច្បាស់លាស់ និងពង្រីកសមាជិកថ្មីបន្ថែមទៀត ដើម្បីយកប្រៀបឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ និង 5-បន្តសាមគ្គីភាពផ្ទៃ​ក្នុង ទាំងរដ្ឋ ទាំងក្នុងជួរបក្ស ។

នៅក្នុងឱកាសនោះដែរ គណអធិបតី ក៏បានចែកជូនដល់សមាជិក សមាជិកា ដែលមកពីមូលដ្ឋាន ចំនួនប្រមាណជាង ៣០០នាក់ ដោយក្នុង​ម្នាក់ៗ​ទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕ ស សារ៉េត


ចែករំលែក៖