ភ្នំពេញ ៖ ចោរ២នាក់បានធ្វើសកម្មភាពឆក់កាមេរ៉ាថតរូបរបស់ជនបរទេសបានសម្រេច តែត្រូវជនរងគ្រោះទាញធ្លាក់ពីលើម៉ូតូ ចាប់បានម្នាក់ រឺឯម្នាក់ទៀតជិះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង៣០នាទី ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ រិន មករា អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារដើមថ្កូវ និងបក្ខពួកម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ចំណែកឯជនរងគ្រោះមានឈ្មោះ GOEGORY WHASMAN ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ អ្នកទេសចរណ៍ ស្នាក់នៅ OKAY BOUIIQUG 19Z ភូមិ៩ ផ្លូវ១៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិអង់គ្លេសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយនៅជាប់ខ្លួនរបស់បុរសរងគ្រោះខាងលើមានកាន់នៅកាមេរ៉ាថតរូប ខណៈពេលដើរមកដល់ចំណុចផ្លូវលេខ១៥៤ ជាប់របងវត្តឧណាលោម ស្រាប់តែមានជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Smash V ពណ៌ស មិនចាំស្លាកលេខ បានជិះមកជិតជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់យកកាមេរ៉ាថតរូបពីជនរងគ្រោះបានសម្រេច តែត្រូវបានជនរងគ្រោះចាប់ទាញយកមកវិញ ហើយក៏ធ្លាប់ជនសង្ស័យដែលឆក់នោះធ្លាក់ពីលើម៉ូតូតែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាននាំគ្នារាយការណ៍ប្រាប់ទៅសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនៈ ចុះមកយកជនសង្ស័យខាងលើទៅសួរនាំ។
គួរបញ្ជាក់ផងដែរថា រាល់បទល្មើសឆក់ទាំងនេះ គឺតែងតែកើតមានឡើងជាញឹកញប់ ដោយមិនឃើញមានអាជ្ញាធរ និងសមត្ថកិច្ចណាចុះមកអន្តរាគមន៍នោះឡើយ ដោយទុកអោយជនរងគ្រោះជាអ្នកដេញតាម និងឃាត់ជនសង្ស័យទាំងនោះប្រគល់អោយសមត្ថកិច្ចទៅវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ