ព័ត៌មានទាន់ហេតុការណ៍៖

កម្មករប្រមូលសំរាមម្នាក់បានរងរបួសបាក់ជើងម្ខាងដោយសារនារីម្នាក់បើករថយន្ដបុកផ្ទប់នឹងរថយន្ដសុីនទ្រីពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ កម្មករប្រមូលសំរាមម្នាក់ បានរងរបួសបាក់ជើងម្ខាង ដោយសារនារីម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្ដមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកផ្ទប់នឹងរថយន្ដសុីនទ្រីពីក្រោយពេញទំហឹង បន្ទាប់ពីកើតហេតុរួចដោយខ្លាចប្រជាពនលរដ្ឋ និងអ្នកសារព័ត៌មានថតរូបសុខចិត្តក្រាបក្នុងរថយន្ដរង់ចាំសាច់ញាតិមកទទួល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃពុធ​ ៥កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៨៩ខាងត្បូងអង់តែនទួលគោកប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្ដបង្កម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-8315 បើកបរដោយនារីម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រុមហ៊ុនសុិនទ្រី បានបើកតិចៗដើម្បីប្រមូលសំរាមតាមផ្លូវលេខ២៨៩ ដោយមានកម្មករប្រមូលសំរាម២-៣ នាក់ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡេនឌ័រ ពណ៌សមួយគ្រឿងបើកយ៉ាងលឿនមកបុកចំពីក្រោយរថយន្តសុិនទ្រី បណ្តាលឲ្យកម្មករប្រមូលសំរាមម្នាក់រងរបួសបាក់ជើងម្ខាង ចំណែករថយ្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ ដោយសារបានពោងសុវត្ថិភាពផ្ទុះជួយការពារ ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ រីឯអ្នកបើករថយន្ដបង្កអង្គុយក្រាបក្នុងរថយន្ដ មួយសន្ទុះក្រោយមកទើបមានមិត្តភក្តិមកទទួលយកចេញពីកន្លែងកើតហេតុចំណែករថយន្ដទាំងពីរគ្រឿសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលដោះស្រាយគ្នាជាក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖