ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងគេមិនជួលដីឲ្យដាំដំឡូង ទាញអាវុធកែច្នៃគំរាមបាញ់គេ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧និង២០នាទី កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលំទង បានចុះធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនជនសង្ស័យ ១ នាក់ នៅចំណុចភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈ្មោះ ថាច សីហា ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិ ឃុំ ដូចគ្នាខាងលើ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងដកហូតវត្ថុតាងអាវុធច្នៃឆ្នុកដូង ១ ដើម គ្រាប់កង់ ចំនួន២៩ គ្រាប់ និងរំសេវមួយចំនួន។

ជនសង្ស័យបានធ្វើសកម្មភាពបាញ់គំរាម ទៅលើនាក់ជិតខាង នៅខាងមុខផ្ទះខ្លួន កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ជនរងគ្រោះ ឈ្មោះ សុខ ជឿន ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមូលហេតុខឹងជនរងគ្រោះរឿងជួលដីដាំដំឡូងមិនបាន និងជំពាក់អង្ករ១ការ៉ុង ។

សមត្ថកិច្ចបានឲ្យដឹងបន្ដទៀតថា បច្ចុប្បន្នជនសង្ស័យ ដែលបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕ ប៉ែន នួន


ចែករំលែក៖