ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកចំនួន២គឺស្រុកថ្មពួកនិងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកំពុងគំរាមកំហែងជន់លិចដោយជំនន់ទឹកភ្លៀងនិងទឹកធ្លាក់ពីប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រុកចំនួន២គឺស្រុកថ្មពួក និងស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា កំពុងរងការគំរាមកំហែងជន់លិចដោយជំនន់ទឹកភ្លៀងក្នុងស្រុកនិងទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃគ្រាដែលមានសេចក្តីរាយការណ៍ឲ្យដឹងថា ទឹកជំនន់បានជន់លិចជាបន្តបន្ទាប់ផ្ទៃដីដំណាំកសិកម្មមួយចំនួន នោះហើយ ។ ទឹកជំនន់ក៏បានហូរបុកពេញព្រៀបនៅតាមស្ទឹងនិងនៅតាមអាងស្តុកទឹកមួយចំនួននៃស្រុកទាំង២ ចាប់តាំងពីយប់ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នោះមក ។

ជុំវិញនៃបញ្ហាទឹកជំនន់គេសង្កេតឃើញប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរុំ និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅថ្ងៃទី២ ឧសភា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យស្ថានភាពទឹក នៅតំបន់មួយចំនួនដែលប្រឈមនិងការជន់លិចដើម្បីវាយតម្លៃនិងត្រៀមដាក់ចេញវិថានការដោះស្រាយ ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរុំ បានប្រាប់ឲ្យដឹងថាខេត្តបន្ទាយមានជ័យបានទទួលនូវទឹកភ្លៀងជាបន្តបន្ទាប់រយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះ គួបផ្សំនិងទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃនោះផងទៀត ទើបធ្វើឲ្យទឹកបានហូរស្រុងពីផ្នែកខាងលើប៉ះចំឃុំគោករមៀត ស្រុកថ្មពួក និងប៉ះចំឃុំសំរោង ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។

លោកប្រាប់ឲ្យដឹងទៀតថាស្ថានភាពទឹកនៅឃុំគោករមៀត ស្រុកថ្មពួក បានហូរធ្លាក់ពីប្រទសថៃនិងទឹកភ្លៀងនៅក្នុងស្រុក ចំណែកស្ថានភាពទឹកនៅឃុំសំរោង ស្រុកអូរជ្រៅ ទឹកបានហូរធ្លាក់ពីទំនប់អូរខៃដន ក្រុងប៉ោយប៉ែត ។ បញ្ហាស្ថានភាពទឹកសម្រាប់ស្រុកថ្មពួក និងស្រុកអូរជ្រៅ វាមិនទាន់បង្កឲ្យរងផលប៉ះពាល់អ្វីធ្ងន់ធ្ងរនៅឡើយនោះទេ គ្រាន់តែតំបន់ផ្ទៃដីកសិកម្មមួយចំនួនបានរងការជន់លិច ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ សាលារៀន លំនៅឋានប្រជាពលរដ្ឋ មិនទាន់រងផលប៉ះពាល់អ្វីនោះទេ ។

លោកបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា បើតាមការចុះពិនិត្យស្ថានភាពទឹកគឺវាមិនទាន់ចោទបញ្ហានៅឡើនោះទេ ។ ភ្លៀងធ្លាក់ក្នុងរយៈពេលពី២ទៅ៣ថ្ងៃចុងក្រោយមានកំរិតតែពី២០ទៅ៣០មីលីម៉ែត្រប៉ុណ្ណោះ ។ ទឹកភ្លៀងក្នុងស្ថានភាពបែបនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់ការទប់ទឹកនៅតាមអាងស្តុកទឹកនីមួយៗក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកសម្រាប់ប្រើប្រាស់ធ្វើដំណាំកសិកម្ម ។ ស្ថានភាព ទឹកនៅផ្នែកខាងលើមានសភាពធូស្បើយវិញនោះហើយ៕ សំ វិច្ឆិកា


ចែករំលែក៖