ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបង្កប់ល្បែងភ្នាល់បាល់និងល្បែងតាម Online «Internet 365» ត្រូវនគរបាលបង្ក្រាប

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងបើកល្បែងភ្នាល់បាល់និងប្រព្រឹត្តល្បែងតាមប្រព័ន្ធ Online ខុស ច្បាប់ដ៏ល្បីឈ្មោះមួយកន្លែងនិងល្បីថាមានអ្នកធំនៅកាងពីក្រោយខ្នងនោះត្រូវបាន កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទ ល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប នៅរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។

ទីតាំងបង្កប់ល្បែងស៊ីសងជាច្រើនឆ្នាំដែលនគរបាលបង្ក្រាបនេះមានយីហោ «Internet 365» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ២៦ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សៀន សេន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសល្បែងពាណិជ្ជកម្ម និងសម្រប សម្រួលផ្លូវច្បាប់ដោលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងតាមប្រព័ន្ធអនឡាញនេះកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមនុស្ស១១នាក់ ក្នុងនោះអ្នក ចូលលេង៧នាក់ និងមេការ៤នាក់ (ស្រី២ នាក់) ព្រមទាំងដកហូតបានម៉ូតូ១២គ្រឿង សម្ភារ កុំព្យូទ័រ បម្រើឲ្យល្បែងស៊ីសងជា ច្រើនគ្រឿងទៀតផងដែរ។ មតិប្រជាពលមួយចំនួនបានលើកឡើងថាតើកម្លាំង សមត្ថកិច្ចអាចបិទទីតាំងដែលបើកល្បែងស៊ីសងខុសច្បាប់ខាងលើនេះ និងកន្លែងដែលជាសាខាដទៃផ្សេងទៀតបានទេ បើម្នាក់ល្បីតគ្នាថាទីតាំងទាំងនោះសុទ្ធតែ មានអ្នកធំកាងពីក្រោយខ្នង។

សូមបញ្ជាក់ថាៈ ទីតាំងសេវាអីុនធើណេតវិស័យព័ត៌មាន២៤ម៉ោង ឈ្មោះ Net 365 មាន៤ទីតាំងរួមមាន ទី១-ស្ថិតនៅ ផ្ទះលេខ៣៦៨ ផ្លូវម៉ៅសេទុង សង្កាត់បឹង សាឡាង ខណ្ឌទួលគោក មានលិខិត អនុញ្ញាតលេខ៣០៧ ល-អ ចុះថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១៦ មានសុពលភាព ត្រឹម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ចេញដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ។

ទីតាំងទី២-ផ្ទះលេខ៧៣ ផ្លូវ២១៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មាន លិខិតអនុញ្ញាតលេខ២៣១ ល-អ ចុះថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៧ មានសុពល ភាពរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ចេញដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ។ ទីតាំងទី៣-ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៨២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទីតាំង៤-ផ្ទះលេខ ២៦ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន។

ប្រជាពលរដ្ឋដែលរស់នៅ ជិតទីតាំង អីុនធើណេត២៤ម៉ោងយីហោ Net 365 បានឲ្យ ដឹងថាទីតាំងខាងលើបានលួចបើកល្បែងស៊ីសង ភ្នាល់បាល់តាមអនឡាញ ដោយជ្រកក្រោមយីហោសេវាអីុនធើណេត វិស័យព័ត៌មាន ដែលមានលិខិតអនុញ្ញាតដោយមន្ទីរសារព័ត៌មានរាជធានីភ្នំពេញ។

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី គណៈបញ្ជា​ការ​​ខណ្ឌឯកភាពខណ្ឌទួល​គោក ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងមានការចូលរួមមានកម្លាំងនគរបាល​អធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំង​កងរាជអាវុធហត្ថខណ្ឌទួលគោកបានចុះត្រួតពិនិត្យទីតាំងខាងលើដើម្បីស្វែងរកបទល្មើស ។ ប៉ុន្តែការចុះត្រួតពិនិត្យនោះ ហាក់បីដូចជាធ្វើឲ្យរួចតែពីដៃ និងដូចជា មានអ្នករាយការណ៍ដល់ម្ចាស់អីុនធើណេតខាងលើឲ្យដឹងខ្លួនជាមុន ដើម្បីបិទចោលទាំងអស់ពេលកម្លាំងចុះមកដល់។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានណែនាំដល់ទីតាំងទាំងពីរ ៖ ទី១-មិនឲ្យបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ទី២-មិនឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ប៉ុន្តែប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងខាងលើពិតជាលួចបើកល្បែងស៊ីសង ប្រាកដមែន និងមានឧកញ៉ាម្នាក់ ដែល​មាន​​អំណាចនៅពីក្រោយ​ខ្នងទៀតផង។

លោក ឃួង ស្រេង អភិបាលរាជធានី​ ភ្នំពេញបានលើកអនុសាសន៍ចំនួន៥ចំណុច នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ រួមមានទី១-ត្រូវបង្កើន ស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយ សីលធម៌តាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេស ត្រូវចូលរួមសហការគ្នាធ្វើការងារដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាព ផ្ទៃក្នុង ក្នុងជួរកងកម្លាំងគ្រប់ប្រភេទឲ្យកាន់តែល្អ ដើម្បីពង្រីក និងពង្រឹងស្នាដៃ មិនត្រូវ ប្រកាន់បក្ខពួក ។ ត្រូវចងចាំថា សាមគ្គីផ្ទៃក្នុងជាកត្តានាំមកនូវជ័យជំនះគ្រប់ភារកិច្ចទី២-ត្រូវពង្រឹងសហការល្អជាមួយបណ្តាក្រសួងនានា មន្ទីរ អង្គភាពនៅតាមបណ្តា រដ្ឋបាលខណ្ឌទាំង១២ និងអង្គការសង្គម ស៊ីវិលទាំងអស់ ហើយកងកម្លាំងត្រូវប្រតិបត្តិ ខ្លួនជាទីស្រលាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋ និងមហាជនតាមរយៈការខិតខំ អនុវត្តតាមគោលការណ៍ភូមិ-ឃុំមាន សុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ដែលខ្លួនឈរជើង ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ , ចំណែកចំណុចទី៣- ត្រូវយកចិត្តទុកដាក់ អនុវត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេស​តាមដងផ្លូវ ទាំង ១១ខ្សែ ដែលរដ្ឋ បាលរាជធានីភ្នំពេញបានកំណត់ជាផ្លូវជំហានដំបូងក្នុងការរៀបចំ សណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ ៤-ការិយា​ល័យ​សណ្តាប់ ធ្នាប់​សាធារណៈ និងការិយាល័យនគរបាលចរាចណ៍ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវខិតខំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅរកការលុបបំបាត់ទាំងស្រុង ការរំលោភ ប្រើប្រាស់ចិញ្ចើម ផ្លូវនិងលើទ្រូងផ្លូវព្រមទាំងកាត់បន្ថយការ កកស្ទះ​ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ៥- អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ត្រូវខិតខំលុបបំបាត់ឲ្យបានករណីចោរលួច ចោរប្លន់ ចោរគាស់ផ្ទះ ល្បែងស៊ីសង និងកុងស៊ីបញ្ចាំ ដើម្បីធ្វើ​យ៉ាងណាឲ្យប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយអារម្មណ៍កក់ក្តៅ ហើយអាចប្រកប​ មុខរបរចិញ្ចឹមជីវិតជាប្រក្រតីភាពដោយ គ្មានអារម្មណ៍ភ័យខ្លាច។

ប៉ុន្តែផ្ទុយទៅវិញ ទីតាំងអីុនធើណេត យីហោ Net 365 ទាំង៤ទីតាំងកំពុងដំណើរការលេងល្បែងយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ ៕ នរិន្ទ្រ


ចែករំលែក៖