ព័ត៌មានទាន់ហេតុការណ៍៖

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ ត្រូវ​តុលាការ​ពន្យារពេល​ឃុំ​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រី​តុលាការ​ ថ្លែង​ប្រាប់​ លោក​ពេជ្រ​ វិជ្ជាធរ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ ករណី​ប្រគល់​ឱ្យ​រដ្ឋបរទេសនូវព័ត៌មានជា​អាទិ៍​ដែលអាចធ្វើ​ឱ្យ​អន្តររាយការការពារជាតិ​ ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ កាលពី​ល្ងាច​ថ្ងៃ​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​លោក​ អ៊ួន​ ឈិន​ និង​ លោក​ យាង​ សុធារិន្ទ​ ហៅយាង​សុជា​មេត្តា​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ​”ប្រគល់​ឱ្យ​រដ្ឋបរទេសនូវព័ត៌មានជា​អាទិ៍​ដែលអាចធ្វើ​ឱ្យ​អន្តររាយការការពារជាតិ”​ តាម​មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​ចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ​ឱ្យ​អន្តររាយ​ការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យ​អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា​ទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។

គួររំលឹក​ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​នៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ឯកភាព​ពី​លោក​ អ៊ុំ​ សុភក្តី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង​ លោក​ យាង​ សុជា​មេត្តា​ លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ជា​ទីស្នាក់ការ​របស់​វិទ្យុ​អាស៊ី​សេរី​ ដោយរំលោភច្បាប់កម្ពុជា ៕ ចេស្តា


ចែករំលែក៖