ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ស្ត្រី​ជនជាតិ​ចិន​ប្រើ​អំពើ​ហិង្សា​លើ​ឈ្នួល​បម្រើ​ទៅ​តុលាការ

ចែករំលែក៖

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨​ នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​​ បញ្ជូន​ស្ត្រី​ជនជាតិ​ចិន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ឈ្នួល​បម្រើ​នៅ​ពោធិ៍​សែនជ័យ​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។

សមត្ថកិច្ច​ កាលពី​ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨​ បាន​អន្តរាគមន៍​ ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​នោះ ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​សម្លៀកបំពាក់ នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ ក្មេង​ស្រី​រងគ្រោះ ត្រូវ​បាន​គេប្រើ​អំពើហិង្សា​មកលើ​រូបនាង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។​សម្ដេច តេជោ​ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​ឱ្យ​​តម្លៃ និង​មាន​ចិត្តធម៌​ចំពោះ​ពួកគេ​ផងដែរ​៕ចេស្តា


ចែករំលែក៖