ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ក្រោយជនសង្ស័យធ្វើសកម្មភា ឆក់ខ្សែ.កពីជនរងគ្រោះបានសម្រេច កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង១៩និង៣០នាទី ។
ជនរងគ្រោះឈ្មោះយូ អូន ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ១១១៧ ផ្លូវ ៣៦៩ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះហេង សុបញ្ញា ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះជិះម៉ូតូជាមួយ ប្តីនិងកូនត្រលប់ទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ ហេងសុបញ្ញានិងឈ្មោះ ប៉េង ជិះម៉ូតូ០១ គ្រឿង ម៉ាក Suzuki Nex ពណ៌ខៀវ គ្មានស្លាកលេខ លេខតួ០០០១០៣៤៩៧ លេខ ម៉ាស៊ីន ១០៣៥២៤ អែបខាងស្តាំជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ខ្សែកប្លាទីនពីជនរង គ្រោះបានសំរេច ក៏ទាក់ដៃចង្កូតម៉ូតូដួលទាំងអស់គ្នា រួចពួកជនសង្ស័យក៏យក ខ្សែកប្លាទីន នាំគ្នារត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូម៉ាកខាងលើ និងជ្រុះទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគារ ពណ៌ក្រហម ស៊ីម ០៧០ ៨០៦ ០៨៧ នៅកន្លែងកើតហេតុ ។
ប្រភពដដែរបន្តទៀតថា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីរសៀល សមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះហេង សុបញ្ញា នៅបន្ទប់ជួលជនសង្ស័យស្នាក់នៅ និងដកហូតបានខ្សែកប្លាទីន១កំណាត់ជារបស់ជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ។ចំណែកឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ ។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានយកទឹកនោមជនសង្ស័យទៅពិនិត្យដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ដោយជនសង្ស័យប្រើប្រាស់គ្រឿងញៀន១ឆ្នាំមកហើយ ៕ ស តារា