ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លើកណាត់ផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ សួន សារិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ (មិនពាក់មួកសុវត្ថិភាព) ជិះម៉ូតូហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1U-5769 រួមដំណើរជាមួយឈ្មោះ សែម ចរិយា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មករ (មិនពាក់មួក) រងរបូសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅនៅភូមិជ្រោយឬស្សី ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1X-6492 ជិះដោយឈ្មោះ តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម (មិនពាក់មួក) មានទីនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកសង់កូរ៉េ ជិះដោយឈ្មោះ តេវ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះជិះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាពេញមួយទំហឹង ធ្វើដំណើរចករាស់ទិសគ្នា បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងនារីម្នាក់ជាប្រពន្ធរួមដំណើរជាមួយរងរបួសធ្ងន់ រីឯអ្នកជិះម៉ូតូសង់កូរ៉េទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញបានចុះអន្តរាគមន៍ហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ