ព័ត៌មានទាន់ហេតុការណ៍៖

ខឹងដេញកាប់ឪពុកមាមិនបានដូចបំណងទាញដៃកេះដុតបំផ្លាញផ្ទះម្ដាយខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនឈាមរាវម្នាក់ព្រោះតែខឹងចិត្ដដេញតាមកាប់ឪពុកមាមិនបានដូចបំណង ក៏ត្រឡប់មកវិញទាញដែកកេះដុតបំផ្លាញផ្ទះម្ដាយខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញមកជួយបាញ់ទឹកពន្លត់ភ្លើង តែទោះបីបែបណាក្ដីផ្ទះឈើប្រក់ស័ង្កសីត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១៥ និង៤០នាទី ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យដែលដុតផ្ទះម្ដាយខ្លួនឯងនោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា លោកអនុសេនីយ៍ឯក ពុយ ទ្រី បានឲ្យដឹងថា ផ្ទះដែលត្រូវបានជនសង្ស័យដុតបំផ្លាញនោះ មានទំហ៊ំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ កុក ស្រ៊ឺ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុ ។ ស្រ្ដីរងគ្រោះខាងលើនេះ ត្រូវជាម្ដាយបង្កើតរបស់ជនសង្ស័យឈ្មោះ ផល ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នស្នាក់ផ្ទះជាម្ដាយ ។

លោក ពុយ ទ្រី បានបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យបានត្រឡប់មកពីចូលរួមកម្មវិធីបង្កក់កូនរបស់អ្នកជិតខាងវិញ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាបានស្រែកសុំលុយម្ដាយ២ពាន់រៀលទៅទិញទឹកអូអ៊ិឈិ១ដបយកមកផឹក ។ បន្ទាប់មកជនសង្ស័យក៏កើតមានទំនាស់ពាក្យសម្ដីជាមួយឈ្មោះ សូត្រ ស៊ីម ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រហូតឈានដល់រើសដុំថ្មគប់ទៅលើឈ្មោះ សូត្រ ស៊ីម ។

ក្រោយពីឃើញក្មួយៗឈ្លោះគ្នា ឈ្មោះ ប៉ោ លីធី ដែលត្រូវជាឪពុកមាបានដើរចូលទៅឃាត់ តែជនសង្ស័យមិនព្រមស្ដាប់កាន់តែបំពានទៅលើឈ្មោះ សូត្រ ស៊ីម ទើបបុរសជាឪពុកមាអត់ទ្រាំពុំបាន ក៏ទះជនសង្ស័យមួយកំផ្លៀង ។ ជាហេតុធ្វើឲ្យជនសង្ស័យផ្ទុះក្ដីខឹងសម្បាស្ទុះទៅផ្ទះទាញកាំបិតប៉័ងតោចំនួន២កាន់ជាប់នៅនឹងដៃសង្ខាងរត់ដេញតាមកាប់ទៅលើបុរសជាឪពុកមា តែកាប់មិនបានដោយសារបុរសឪពុកមាដឹងខ្លួនមុនរត់គេចខ្លួនបាត់ ។

ដោយសារតែខឹងដេញតាមកាប់ឪពុកមាមិនបានដូចបំណង ជនសង្ស័យបានត្រឡប់ទៅផ្ទះវិញទាំងក្ដីក្ដៅក្រហាយ ទាញដែកកេះដុតផ្ទះម្ដាយចោលតែម្ដង ។ ក្រោយពីភ្លើងបានឆេះសន្ធោសន្ធៅឡើង ប្រជាពលរដ្ឋជិតខាងបាននាំគ្នាចេញជួយអន្ដរាគមន៍ដែរ តែបានត្រឹមបាញ់ទឹកទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលដល់លំនៅដ្ឋានផ្សេងទៀត ខណៈដែលលំនៅដ្ឋានមួយនេះត្រូវបានភ្លើងឆេះម៉ត់ទាំងស្រុង ៕ ស្អាងជ័យ


ចែករំលែក៖