មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាល ជាពិសេស ពាក់ព័ន្ធនឹងកំណែទម្រង់ប្រាក់ខែ ក្រោយពីបានស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងដំណែង និងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី៧ កក្កដា។
ផលប្រយោជន៍ដែលមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ទទួលបានពីកំណែទម្រង់នេះមានដូចតទៅ៖
ទី១៖ គឺការតម្លើងប្រាក់ខែជារៀងរាល់ឆ្នាំដែលបានអនុវត្តរួចមកហើយ
ទី២៖ ការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ ដើម្បីធានាតម្លាភាព និងចៀសវាងអំពើពុករលួយ
ទី៣៖ នាពេលខាងមុខនេះ ការបើកប្រាក់ខែនឹងធ្វើឡើងពីរដងក្នុងមួយខែពោលគឺបើកពីរសប្តាហ៍ម្តង។
កំណែទម្រង់ទាំងបីដំណាក់កាល ពាក់ព័ន្ធនឹងប្រាក់ខែបានធ្វើឲ្យមន្ត្រីរាជការ គ្រូបង្រៀន ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ សប្បាយរីករាយ ពីព្រោះប្រាក់ខែរបស់ពួកគេឡើងជារៀងរាល់ឆ្នាំ ទៅតាមស្ថានភាពសេដ្ឋកិច្ច ហើយការបើកប្រាក់ខែទៀតសោត ក៏ធានាបាននូវតម្លាភាពដោយចៀសវាង បាននូវអំពើពុករលួយ និងការិយាធិបតេយ្យ និងចុងក្រោយគឺពួកគេមិនចាំបាច់ ទន្ទឹងរង់ចាំប្រាក់ខែយូររហូតដល់ដាច់ខែឡើយ។ ត្រឹមតែពីរសប្តាហ៍ អាចបើកប្រាក់ខែពាក់កណ្តាលបានហើយដើម្បីយកទៅប្រើប្រាស់។
ពិតណាស់ ជាទូទៅ មិនថា មន្ត្រីរាជការឡើយ សូម្បីបុគ្គលិកជាទូទៅក្នុងវិស័យឯកជន ក៏តែងតែទន្ទឹងរង់ចាំប្រាក់ខែយ៉ាងអន្ទះសារណាស់នៅពេលជិតដាច់ខែម្តងៗ។ បើជួនកាលដាច់ខែហើយ បើកយឺតមួយថ្ងៃពីរក៏ធ្វើឲ្យពួកគេរអ៊ូរទាំដែរពីព្រោះពួកគេត្រូវការចំណាយជាប្រចាំ។ ប៉ុន្តែ ការលំបាកទាំងនេះ លែងមានទៀតហើយនៅពេលខាងមុខនេះ សម្រាប់មន្ត្រីរាជការបន្ទាប់ពីគោលការណ៍ បើកប្រាក់ខែពីរដងក្នុងមួយខែ នឹងត្រូវបានអនុវត្តន៍ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតជាថ្មី។
នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចស្រេចហើយថា គោលការណ៍នេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១៩ តទៅហើយ។ នេះនិយាយតែក្នុងក្របខ័ណ្ឌកំណែទម្រង់បញ្ហាប្រាក់ខែ តែមួយផង។ ក្រៅពីនោះ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ ក៏នៅទទួលអត្ថប្រយោជន៍ជារួមពីសុខសន្តិភាព និងការអភិវឌ្ឍន៍ ក៏ដូចជា ពីគោលនយោបាយបញ្ចុះតម្លៃប្រេងសាំង បញ្ចុះតម្លៃអគ្គិសនី តម្លៃទឹក និងការទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម និងរបបសោធន៍និវត្តន៍ជាដើម។
ស្ថានភាពនេះបានធ្វើឲ្យមន្ត្រីរាជការមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្លួន ហើយបានធ្វើឲ្យមន្ត្រីរាជការកាន់តែមានតម្លៃខ្លាំងឡើង ជាលំដាប់ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ដើម្បីរក្សាឲ្យបាននូវសុខ សន្តិភាព ស្ថិរភាពសង្គម ក៏ដូចជា កំណើនជីវភាពរបស់មន្ត្រីរាជការ កម្មករ ក៏ដូចជា ពលរដ្ឋទូទៅ និងជាពិសេស ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលតាំងពីគ្រាដ៏លំបាកបំផុត រហូតមកដល់គ្រាដ៏សប្បាយរីករាយដូចសព្វថ្ងៃនេះ ត្រូវតែប្តេជ្ញាបន្តដំណើរជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជាបន្តទៀត។ ពួកយើងយល់យ៉ាងច្បាស់ថា គ្មានជម្រើសណាមួយល្អប្រសើរជាងនេះឡើយ។
ក្នុងនាមមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ដែលមានបទពិសោធន៍គ្រប់គ្រាន់ និងបានឆ្លងកាត់របត់សង្គមជាច្រើនមកហើយនោះ យើងពិតជាមិនចង់ឃើញអតីតកាលខ្មៅងងឹត និងឈឺចាប់បំផុតវិលមកតាមលងពួកយើង និងប្រទេសជាតិយើងជាថ្មីទៀតឡើយ។ ការឃោសនាអកុសល និងការធ្វើនយោបាយញុះញង់ បំបែកបំបាក់ ចង់បង្កឲ្យមានចលាចលសង្គម តាមរបៀបបដិវត្តន៍ពណ៌ដូចនៅមជ្ឈឹមបូព៌ា គឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់កម្ពុជា ដែលយើងគ្រប់គ្នាត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត។
ដើម្បីទប់ស្កាត់ការវិលត្រឡប់ នៃអតីតកាលដ៏ខ្មៅងងឹត និងបន្តរក្សាសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រទេសយើងទៅមុខទៀត យើងទាំងអស់គ្នាត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវអ្វីដែលយើងកំពុងមានសព្វថ្ងៃ និងបន្តដំណើរជាមួយគ្នាដើម្បីធ្វើឲ្យអនាគតយើង និងកូនចៅយើងកាន់តែភ្លឺស្វាងជាងនេះថែមទៀត៕