ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គ្នាតាមទូរស័ព្ទ រត់ចោលប្តីទៅនៅជាមួយសហាយប្តីប្តឹងចាប់ដាក់ខ្នោះទាំងពីរនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស និងស្រ្តីពីរនាក់ ដែលជាសហាយស្មន់នឹងគ្នា ត្រូវបាននគរបាលស្រុក អង្គស្នួលឃាត់ខ្លួន ពីបទផិតក្បត់ ដោយយោងតាមពាក្យបណ្តឹងរបស់បុរសម្នាក់ដែលអះអាង ជាស្វាមីស្របច្បាប់របស់ស្រី្តម្នាក់នេះ ។

ការឃាត់ខ្លួន បុរស និងស្ត្រីពីរនាក់នេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៤និង២០នាទី រសៀលថ្ងៃសុក្រ១កើត ខែទុតិយាសាឍ ឆ្នាំចសំរិទ្ធិ សក័ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨នៅចំណុចបន្ទប់ជួលលេខ០៦ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលព្រហ្មទណ្ឌ ស្រុក អង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះជាប្តី ឈ្មោះ ឈិន វាសនា ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានរៀបការជាមួយ ប្រពន្ធផិតក្បត់ ឈ្មោះដុំ សាអន អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រជិតពីរឆ្នាំមកហើយ តែមិនទាន់ទទួលបាន ចំណងដៃកូនម្នាក់នៅឡើយ ។ ដោយឡែកបុរសជាសហាយ ឈ្មោះគឿន លូ ភេទប្រុសអាយុ ២៤ ឆ្នាំជន​​ជាតិខ្មែរមុខរបរបើកបរស្នាក់នៅភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីមន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺតាំងពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ ស្រ្តីឈ្មោះដុំ សាអន បានលួចរត់គេចចេញពីបន្ទប់ជួលដែលកំពុងរស់នៅ​ជាមួយប្តីឈ្មោះ ឈិន វាសនា ហើយទៅរស់នៅបន្ទប់ជួល​របស់ ឈ្មោះគឿន លូ ជាសហាយ

ធ្វើឲ្យប្តីដើររកគ្រប់កន្លែង តែរកមិនឃើញ ។ លុះមកដល់ថ្ងៃទី១៣ខែ កក្កដា ឆ្នាំ ២០១៨ជន​រងគ្រោះជាប្តី បានតាមរកប្រពន្ធជាបន្តទៀត ស្រាប់តែមកជួបជនសង្ស័យទាំង២កំពុងនៅ​បន្ទប់ជួលជាមួយ​គ្នា ហើយក៏ទៅ ប្តឹងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បែកចានឲ្យជួយធ្វើអន្តរាគមន៍​នាំខ្លួនជនសង្ស័យទាំងពីរនាក់យកទៅសាកសួរ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជន​សង្ស័យ​ទាំង២នាក់នេះបានសារភាពថាពួកខ្លួនបាន​ស្រឡាញ់គ្នា​តាមទូរសព័្ទជិត១ឆ្នាំមកហើយ។ លុះមកដល់ ថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ ទើបមានឱកាសល្អ​ក៏រត់​តាម​គ្នានិងមករស់នៅរួមភេទជាមួយគ្នាដូចប្តីប្រពន្ធរៀបការពេញច្បាប់ ដោយមិនខ្វល់ មានការនិន្ទាពីប្តី ឬអ្នកជិតខាងឡើយ ។

យ៉ាងណាក្នុងករណីនេះ បុរសជាប្តីមិនសុខចិត្តទេ ក៏បានសំណូមពរឲ្យសមត្ថកិច្ចចាត់ការអ្នក ទាំងពីរតាមច្បាប់ចុះ ព្រោះថារូបខ្លួននិងប្រពន្ធរៀបការជាមួយគ្នាស្របច្បាប់ មិនមែនរត់តាម គ្នាគ្មានចាស់ទុំដឹងឮនោះឡើយ ៕ ស្អាងជ័យ


ចែករំលែក៖