ព័ត៌មានទាន់ហេតុការណ៍៖

រងរបួសស្រាល២នាក់និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូ បុកកង់ នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤០នាទី នៅលើផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងអ្នកជិះកង់ក្នុងទិសដៅ ស្របគ្នា(ពីត្បូងទៅជេីង)បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ និងរបួសស្រាល០២នាក់(ស្រី០១នាក់) ។

សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ជាដំបូងមានម៉ូតូម៉ាកវ៉េវ មួយគ្រឿង ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1C-0085 បេីកបរដោយឈ្មោះ សុខ ផេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានអ្នករួមដំណេីរម្នាក់ ឈ្មោះ សែ ភាព ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបរម៉តូ ។ លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយកង់ដែលកំពុងជិះដោយឈ្មោះ សូ នឿន ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យរបួសធ្ងន់ក្រោយមកបានស្លាប់នៅមន្ទីររពេទ្យ។ ចំណែកអ្នកជិះម៉ូតូទាំង២នាក់ក៏បានរងរបួសស្រាល ផងដែរ ដោយមិនមានពាក់មួកសុវត្ថិភាពនោះទេ ។

បើតាមនគរបាលមូលដ្ឋាន មូលហេតុបឋមគឺបង្កដោយអ្នកជិះកង់បត់ឆ្វេងខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ។​

វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំការដោះស្រាយនាពេលក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖