ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ស្ទើររាល់ថ្ងៃនគរបាលកាកាបទី១មិន ដែលបង្ក្រាបបានម្តង

ចែករំលែក៖

ភ្នំពេញៈ ស្ទើរជារៀងរាល់ថ្ងៃបទល្មើសចោរឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមដងផ្លូវ សហព័ន្ធរុស្សី មុខអាកាសយន្តដ្ឋានពោធិ៍ចិនតុង ក្នុងភូមិសាស្រ្តប៉ុស្តិ៍កាកាប១ និងកាកាបទី២​ខណ្ឌពោធិសែនជ័យ កើតមានឡើងមិនថាព្រឹកព្រលឹម ឬទាំងកណ្តាលថ្ងៃត្រង់តែមិន ដែលឃើញនគរបាលបង្ក្រាបបានសូម្បីតែម្តងធ្វើអោយប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍មានការភ័យខ្លាច ។

ជាក់ស្តែងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ បទល្មើសឆក់កើតឡើងទាំងព្រឹកតែម្តង តាមផ្លូវសហព័ន្ធរុស្សី ច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ជាប់ព្រុំប្រទល់សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានឆក់កាបូបស្ពាយរបស់ជនជាតិចិន កំពុងជិះម៉ូតូកង់ បំណងចូលព្រលានយន្តហោះ បានសម្រេចហើយ រួចគេចខ្លួនបាត់អស់ដោយមិនរំខានដល់សមត្ថកិច្ច​ ។

ក្រោយកើតហេតុជនរងគ្រោះបានទៅប្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលកាកាបទី១​ តែរកពុំមានកម្លាំងនគរបាល សូម្បីមេប៉ុស្តិ៍ ដោយអង្គុយចាំអស់រយៈពេលជាច្រើនម៉ោង ទើបឃើញមន្រ្តីប៉ុស្តិ៍មកដល់ ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា សឹងតែរាល់ថ្ងៃទៅហើយ បទល្មើសឆក់ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ជនបរទេស កើតមានរាប់លែងអស់ តាមផ្លូវសហព័ន្ធរុស្សី ចន្លោះចាប់ពីមុខផ្សារសុិនជូរី រហូតដល់ មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ហើយពិសេសជាងនេះទៅទៀត សកម្មភាពឆក់ ចំពីមុខប៉ុស្តិ៍កាកាប១ ផ្ទាល់តែម្តង តែគ្មានទេចំណាត់ការរបស់ កម្លាំងប៉ុស្តិ៍រដ្ឋបាល កុំថាទើប បង្ក្រាប វិធានការទប់ស្កាត់ ក្រុមចោរឆក់ សូម្បីតែជនរងគ្រោះ ក្នុងករណីខាងលើ គាត់ទៅរកដាក់ពាក្យបណ្តឹង ក៏លោក មេប៉ុស្តិ៍ ធ្វើមិនដឹង មិនឮផងដែរ ជនរងគ្រោះត្រូវការទៅប្តឹងប៉ុស្តិ៍កាកាប១ ម្តងៗ និងខ្លះទៀតក៏មិនបានទៅដាក់ពាក្យបណ្តឹងព្រោះគិតថាទោះទៅដាក់ពាក្យបណ្តឹងក៏គ្មានប្រយោជន៍ដដែល ។

តាមមហាជនដែលគេស្គាល់ថា លោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ អសមត្ថភាព ក្នុងការដឹកនាំបញ្ជា កូនចៅ មន្រ្តីក្រោមឱវាទ បង្ក្រាប ទប់ស្កាត់ បទល្មើសឆក់ ដែលកំពុងកក្រើកនាពេលបច្ចុប្បន្ន ក៏លោកមេប៉ុស្តិ៍ គ្មានផែនការ ដឹកនាំបញ្ជាកូនចៅ ល្បាតផង កុំថាឡើយដល់ចេញទៅរកចាប់ចោរឆក់នោះ ហើយជាងនេះទៅទៀត អ្វី ដែលប្រជាពលរដ្ឋ ជនរងគ្រោះ រអ៊ូរទាំ និងអាក់អន់ចិត្ត ត្រង់ថា ពួកគាត់រងគ្រោះហើយ ក្នុងបទល្មើសផ្សេងៗ ខំទៅរកពិគ្រោះ ពិភាក្សា ឬដាក់ពាក្យបណ្តឹង ម្តងៗ ឈរ អង្គុយ រងចាំប៉ូលីស ធ្វើការងាររាប់សឹបម៉ោង ពោលអត់មានប៉ូលីសប៉ុស្តិ៍ធ្វើការងារ ស្ទើរតែមួយប៉ុស្តិ៍ទាំងមូល មានម្នាក់ ឬ ពីរនាក់ ធ្វើឲ្យការងារ បង្កឲ្យរាំងស្ទះ ស្របពេល ដែលមេប៉ុស្តិ៍ចេញទៅបាត់ ឬសង្ងំដេកក្នុងបន្ទប់ទៀត ការងាររដ្ឋបាលចប់បាត់ទៅហើយ ។

ពលរដ្ឋសំណូមពរផងដែរដល់ សង្នកការរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ សម្រួល គួរជ្រើសរើស មេប៉ុស្តិ៍រូបណា ដែលមានសមត្ថភាព ក្នុងការងារ ពិតប្រាកដ ភាពជាអ្នកដឹកនាំ បម្រើប្រជាពលរដ្ឋ បម្រើសង្គម កាលបើបទល្មើសឆក់រាល់ថ្ងៃ មេប៉ុស្តិ៍គ្មានវិធានការបែបនេះ តើឲ្យពលរដ្ឋសង្ឃឹមអ្នកណា ម្ចាស់មូលដ្ឋានខ្លួនឯង មិនរវល់នឹងការងារផងនោះ ៕ សុខាសែនជ័យ


ចែករំលែក៖