បើទោះបីពេលនេះ អាមេរិកបានច្រានរាល់ការចោទប្រកាន់ ពីវេណេហ្សុ៊យអេឡា ពីការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី តែ អាមេរិក មិនអាច គេចពីមន្ទិលសង្ស័យ នោះឡើយ ដោយកន្លងមក មានមេដឹកនាំ ប្រទេសជាច្រើន ដែលអាមេរិកជាអ្នករៀបចំគម្រោងធ្វើឃាត ដល់មេដឹកនាំដែលមិនស្តាប់តាមអាមេរិក ក្នុងនោះមានប្រទេស គុយបាជាដើម ។
ក្រោយការធ្វើឃាតទៅលើប្រធានាធិបតីវេណេហ្សុ៊យអេឡា មិនបានសម្រេចប្រទេសនេះក៏បានចោទប្រកាន់ទៅលើ អាមេរិក និងកូឡុំប៊ី ជាអ្នកនៅពីក្រោយ សកម្មភាព ប៉ងធ្វើឃាតខាងលើ ។ តាំង ពីដើម មកអាមេរិកបានប្រឆាំង ដោយបើកចំហទៅលើការដឹកនាំរបស់លោកម៉ាឌូរ៉ូ ប៉ុន្តែ ការបោះឆ្នោតកន្លងមក លោកបន្តជាប់ឆ្នោតទៀតធ្វើឲ្យអាមេរិកកាន់តែខឹងសម្បា ដោយមិនអាចផ្លាស់ប្តូររបបដឹកនាំក្នុង ប្រទេសនេះបាន។
ប្រធានាធិបតីវេណេហ្សុ៊យអេឡា បានឲ្យដឹងថារូបលោករួចរស់ជីវិតពីការប៉ងធ្វើឃាត តាមរយៈការប្រើប្រាស់ឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ នៅក្នុងពីធីព្យុហយាត្រានាចុងសប្តាហ៍នេះ គឺដោយសារតែ គុណព្រះជាម្ចាស់ ព្រមទាំងប្រជាជននិង កងកម្លាំងប្រដាប់អាវុធនៃប្រទេសរបស់លោកផ្ទាល់ ហើយលោកបានចោទកូឡុំប៊ីនិងសហរដ្ឋអាមេរិកថា ជាក្រុមនៅពីក្រោយខ្នងនៃអំពើស្តាំនិយមចង់យកជីវិតរបស់លោក។
បើតាមការអះអាងរបស់លោក ម៉ាឌូរ៉ូ លទ្ធផលនៃការស៊ើបអង្កេតបឋមបានលើកឡើងថា ផែនការធ្វើឃាតនេះ មាន ប្រភពចេញមកពីប្រទេសកូឡុំប៊ី ដែលជា ប្រជាជាតិអាមេរិកឡាទីន នៅជាប់របងជា មួយគ្នា។ លោកប្រធានាធិបតីវេណេ ស៊ុយអេឡា បានលើកឡើងដូច្នេះថា «ខ្ញុំប្រាកដណាស់ថាលោក Juan Manuel Santos (ប្រធានាធិបតីកូឡុំប៊ី) គឺជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនេះ»។ ជាមួយគ្នានេះដែរ លោក ម៉ាឌូរ៉ូ បានបន្តថា បើតាមការស៊ើបអង្កេតបឋមដដែល បាន ឲ្យតម្រុយថា វាក៏មានជាប់ពាក់ព័ន្ធនឹង អាមេរិកផងដែរ។ យ៉ាងណាមិញ ការអះ អាងទាំងនេះ ត្រូវបានធ្វើឡើង ដោយពុំមានការបង្ហាញភស្តុតាងជាក់ស្តែងពីលោក ម៉ាឌូរ៉ូ ឡើយ។ ជុំវិញការចោទប្រកាន់នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញ មុខបញ្ជាក់ថា ពុំមានជាប់ពាក់ព័ន្ធជាមួយ ទីក្រុងវ៉ាស៊ីនតោននោះទេ។
គួរជម្រាបថា យោងតាមសកម្មភាពក្នុងឃ្លីបវីដេអូនិងរូបភាពពីស្ថានីយទូរទស្សន៍ រដ្ឋវេណេហ្សុ៊យអេឡា បានបង្ហាញឲ្យ ឃើញថា កំពុងតែថ្លែងសុន្ទរកថាសុខៗ ស្រាប់តែលោក ម៉ាឌូរ៉ូ បានងើយមើលទៅ លើមេឃ រួចមានសំឡេងផ្ទុះឡើង ហើយក្រុមអង្គរក្សក៏បានស្ទុះយកខែលមកការពាររូបលោក ខណៈដែលក្បួនព្យុហយាត្រា យោធា បានបំបែកគ្នាយ៉ាងប្រសាចចេញពីកន្លែងកើតហេតុ។
បើតាមការបញ្ជាក់ពីរដ្ឋាភិបាលវេណេហ្សុ៊យអេឡា ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារប៉ូលិសការពារក្នុង តំបន់ បានបាញ់ទម្លាក់ឧបករណ៍ដ្រូនមួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែលមន្រ្តីជាន់ ខ្ពស់វេណេហ្សុ៊យអេឡា រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។
ក្រៅពីប្រទេសវេណេហ្សុ៊យអេឡា ក្រុម អ្នកឯកទេសក៏បាន ប្រើប្រាស់គ្រប់ ល្បិច កលដើម្បីផ្តួលរំលំរដ្ឋាភិបាល អីុរ៉ង់ ។ នៅពេលនេះប្រទេសដែលប្រឆាំងជាមួយ អាមេរិក ខ្លាំងជាងគេ មាន៣ប្រទេស គឺ កូរ៉េខាងជើងវេណេហ្សុ៊យអេឡានិងអីុរ៉ង់។ ប៉ុន្តែកូរ៉េខាងជើង ក៏បានពិភាក្សាជាមួយ អាមេរិក បញ្ចប់ការប្រឈមមុខដាក់គ្នា ។ ចំណែកអីុរ៉ង់វិញ លោកត្រាំក៏ធ្លាប់បាន លើកឡើងថា នឹងស្វាគមន៍នូវកិច្ចពិភាក្សាគ្រប់ពេល តែអីុរ៉ង់បដិសេធ ដោយមិនទុក ចិត្តលើអាមេរិក បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខឹងកាន់តែខ្លាំង។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានសមភាគីអុីរ៉ង់លោក ហា ស្សាន់ រូហានី ជាបន្តបន្ទាប់ពីគ្រោះមហន្ត រាយនៃសង្រ្គាម ហើយលោកក៏បានផ្ដាំផងដែរឱ្យអុីរ៉ង់បញ្ឈប់ការព្រមានលើសហរដ្ឋអាមេរិក បើសិនជារដ្ឋអ៊ិស្លាមមួយនេះចង់សុខខ្លួន។ ប៉ុន្តែសង្រ្គាមពាក្យសម្ដីរបៀបនេះ លោក ត្រាំ ក៏ធ្លាប់បានប្រើជាយុទ្ធ សាស្ត្រលើកូរ៉េខាងជើងផងដែរ រហូតដល់ លោក គីម ជុងអ៊ុន ព្រមចូលរួមក្នុងកិច្ច ប្រជុំកំពូលនៅសិង្ហបុរី កាលពីខែមិថុនា។
មួយរយៈពេលចុងក្រោយនេះលោក ដូណាល់ ត្រាំ បានបង្កើនសង្រ្គាមពាក្យសម្ដីកាន់តែខ្លាំងដាក់អុីរ៉ង់ ក្នុងនោះរួមមាន ទាំងពាក្យដៀមដាម និងគំរាមកំហែង រហូតដល់មានសេចក្ដីរាយការណ៍ខ្លះថា ប្រធានាធិបតីរូបនេះ អាចនឹងបញ្ជាឱ្យកងទ័ពអាមេរិកបើកការ វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អុីរ៉ង់នៅក្នុងខែសីហានេះ ទៀតផង។
តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញខ្លះ មើលឃើញថា ចេតនាពិតប្រាកដរបស់ លោក ត្រាំ គឺមិនមែនចង់ធ្វើសង្រ្គាមជា មួយអុីរ៉ង់នោះទេ ពោលគឺគ្រាន់តែចង់ប្រើប្រាស់យុទ្ធសាស្ត្រប្រឈមមុខដាក់គ្នាដោយសម្តី ដើម្បីខ្ចីដៃប្រជាជនអុីរ៉ង់ឱ្យធ្វើការបះបោរ (ល្បិចខ្ចីកាំបិតសម្លាប់មនុស្ស) ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតេអេរ៉ង់តែ ប៉ុណ្ណោះ។
យុទ្ធសាស្ត្របែបនេះ គឺជាយុទ្ធសាស្ត្រ ដ៏ពេញនិយម ដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានប្រើប្រាស់នៅក្នុងប្រទេសលីប៊ី និងស៊ីរី ផងដែរ។ ដំបូងឡើយសហរដ្ឋអាមេរិក ដាក់ ទណ្ឌកម្ម និងក្រោយមកគឺគំរាមកំហែង សំដៅបង្កចលាចលនៅក្នុងប្រទេសទាំងនេះ ដើម្បី ញុះញង់ឱ្យក្រុមអ្នកប្រឆាំងនឹង រដ្ឋាភិបាលងើបឡើងបះបោរ ហើយចុង ក្រោយទើបសហរដ្ឋអាមេរិក ចាប់ផ្ដើមលូកដៃចូលក្នុងកិច្ចការផ្ទៃ ក្នុងប្រទេសទាំងនេះដោយសំអាងលើការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថី្មប្រឆាំងនឹងអុីរ៉ង់ ក្រោយប្រកាសដក ខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥។ ចំណែកឯសេដ្ឋកិច្ចអុីរ៉ង់ក៏ កំពុងជួបបញ្ហាផងដែរ ស្របពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលតេអេរ៉ង់ កាលពី ពេលថ្មីៗនេះ រហូតដល់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John bolton) ហ៊ាននិយាយ ថានឹងមានការ ផ្លាស់ប្ដូររបបដឹកនាំអុីរ៉ង់សព្វថ្ងៃទៀតផង ក្នុងពេលឆាប់ៗនេះ។
ក៏ប៉ុន្តែការផ្លាស់ប្ដូររបបដឹកនាំអុីរ៉ង់ ដោយអន្តរាគមន៍យោធាអាមេរិកនាពេលអនាគតដ៏ខ្លី ត្រូវបានគេមើលឃើញថា មានភាគរយតិចណាស់ ដ្បិតអុីរ៉ង់មានរុស្ស៊ីកាងនៅពីក្រោយ ហើយអាមេរិកក៏ដឹង ដែរថា ការធ្វើសង្រ្គាមជាមួយអុីរ៉ង់នឹងបង្កជាការខូចខាតធ្ងន់ធ្ងរ ក៏ដូចជាអាចនឹងបង្ក ទៅជាសង្រ្គាម នៅក្នុងតំបន់ទាំងមូលទៀត ផង៕ ម៉ែវ សាធី