ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្តីបបួលគ្នាសេពថ្នាំញៀន ចាក់មួយកាំបិតធ្លាយពោះវៀន និងដៃ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨បាន ចុះឃាត់ខ្លួនបុរសម្នាក់ ពីបទបង្កហិង្សា ដោយយកកាំបិតចាក់លើបុរសម្នាក់ទៀត បណ្តាលឲ្យធ្លាយពោះវៀន, ដៃស្ដាំ និងចំដៃឆ្វេង រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនស្រអែម ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង១៩និង៤៨នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបង្គោល៨ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីបទ បង្កហិង្សាដោយចេតនា។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា ជនដៃដល់ដែលកម្លាំងធ្វើការឃាត់ខ្លួនមានឈ្មោះ ឯក គឹមអិន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។ លោកថា ក្រោយពីធ្វើការឃាត់ខ្លួនជន សង្ស័យជាដៃដល់បានរៀបរាប់ថា នៅមុនពេលកើតហេតុខ្លួនគេកំពុងអង្គុយផឹកស្រាតែម្នាក់ឯង លុះក្រោយ មក ជនរងគ្រោះឈ្មោះ ហឿន ធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធ្មជាតិ ឃុំ ស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ជិះម៉ូតូមកដល់ហើយបាននាំខ្លួនទៅប្រើប្រាស់ថ្នាំជាមួយ។

លោកឲ្យដឹងទៀតថា នៅពេលជនសង្ស័យមិនទាន់បានប្រើប្រាស់ថ្នាំផង អ្នកទាំងពីរនាក់បានឈ្លោះប្រកែកគ្នា ។ ភ្លាមនោះជនសង្ស័យបានស្ទុះយកកាំបិតចុងស្រួចកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត ធ្លាយពោះ វៀន ,ដៃស្ដាំ និងចំដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ស្រអែម ។

បច្ចប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញធ្វើការបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមនិត្តិវិធី ៕ វណ្ណៈ


ចែករំលែក៖