ខេត្តឧត្ដរមានជ័យ ៖ មន្ត្រីជំនាញមន្ទីរធនធានទឹក បានបញ្ជាក់ថា នៅតាមបណ្ដាអាងស្តុបទឹក មួយចំនួនក្នុងខេត្ត ត្រូវបានបើកបង្ហូរទឹកចេញខ្លះៗ និងបណ្តាអាងស្តុបទឹកផ្សេងៗ ទៀតនៅខ្វះទឹកសម្រាប់រក្សាទុក នៅឡើយ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ នៅតាមបណ្តាអាង ដែលបានរក្សាប្រភពទឹកទុកសម្រាប់ស្រោចស្រពលើដីស្រែ ផ្នែកកសិកម្មមួយចំនួននៅក្នុងបណ្តាស្រុកជាប់ព្រំដែនកម្ពុជាថៃ ងាយរងនូវជំនន់ទឹកភ្លៀងជនលិចត្រូវបានមន្ត្រីជំនាញបើកបង្ហូរទឹកចេញខ្លះ និងបណ្តាអាងស្តុបទឹកខ្លះទៀត នៅខ្វះទឹកមិនគ្រប់គ្រាន់ដើម្បីរក្សាទុកនៅឡើយទេ។
លោក បានបន្តថា ឆ្នាំនេះ ថ្វីត្បិតតែស្ថានភាពមានភ្លៀងធ្លាក់ នៅផ្នែកខាងលើនៃជួរភ្នំ តាមព្រំដែនរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក៏ពិតមែន ក៏ប៉ុន្តែវាមិនទាន់មានប្រភពទឹកធ្ងន់ធ្ងរហូរធ្លាក់មកផ្នែកខាងក្រោម បង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែងនិងផលដំណាំរបស់ប្រជាកសិករដូចឆ្នាំមុនៗនោះទេ ទោះបីនៅបណ្តាខេត្តផ្សេងៗ កំពុងទទួលរងនូវការលិចលង់យ៉ាងណាក៏ដោយនោះតែសំរាប់ខេត្តឧត្ដរមានជ័យ ស្ថានភាពពុំមានអ្វីគួរឲ្យបារម្ភនោះឡើយ។
លោក ញឺន កួន បានបន្ថែមថា នៅតាមបណ្តាអាងស្តុបទឹកក្នុងស្រុកជាប់ព្រំដែនខ្លះ នៅមិនទាន់មានប្រភពទឹកហូរចូលផ្ទៃអាងនៅឡើយដែរ និងអាងស្តុបទឹកខ្លះមន្ត្រីជំនាញបានធ្វើការបើកបង្ហូរទឹកចេញជាបណ្តើរៗ បានមួយចំនួនខ្លះ ដើម្បីបន្តចូលទៅក្នុងអាងស្តុបទឹកធំៗ នៅផ្នែកខាងក្រោម។ម្យ៉ាងទៀត ដើម្បីការពារនៅពេលដែលមានប្រភពទឹកខ្លាំងចូលមក បើកបង្ហូរចេញមិនទាន់ ដែលជាបញ្ហាបង្កអោយមានផលប៉ះពាល់ដល់ផលប្រយោជន៍ផ្សេងៗដូចឆ្នាំមុនៗនោះផងដែរ។
ដោយឡែកក្នុងនោះ មានអាងស្តុបទឹកបឹងតាម៉ុក ស្រុកអន្លង់វែងដែលជាកន្លែងប្រភពទឹកដ៏ធំមួយអាចបង្ហូរចល័តទឹកបាននៅពេលមានការជនលិច នឹងអាងស្តុបទឹកលេខ០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ។
លោកប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ទៀតថា នៅក្នុងខេត្តឧត្តរមានជ័យ សព្វថ្ងៃនេះ ក្រៅពីប្រព័ន្ធធារាសាស្ត្រធុនធំ ចំនួន៣កន្លែង និងមានប្រព័ន្ធធារាសាស្ត្រធុនមធ្យម និងធុនតូចសរុបទាំងអស់ចំនួន៧០កន្លែង នៅតាមបណ្តាស្រុកនានា ក្នុងខេត្ត ដែលកំពុងតែបម្រើអោយផលប្រយោជន៍លើវិស័យកសិកម្ម ក្នុងខេត្តនេះ ៕ ប៉ែន នួន