ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់យកកូនកាំបិតចាក់អ្នករត់ម៉ូតូ​ឌុបម្នាក់របួសធ្ងន់បម្រុងប្លន់ម៉ូតូតែមិនបានសម្រេច ហើយរត​់​គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះ​បន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកកូន​កាំបិតចាក់ពីក្រោយខ្នងបំណងប្លន់យកម៉ូតូ តែមិនបានសម្រេចក៏រត់គេចខ្លួន​ចូលព្រៃបាត់បង្កការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋនិងសមត្ថកិច្ចមូលដ្ឋានរួមទាំង​មន្រ្តីកងរាជអាវុធហត្ថខណ្ឌដង្កោនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃពុធ ១១កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នា​ំ២០១៨ តាមបណ្តោយ​ផ្លូវលេខ​៦០ម៉ែត្រ ក្បែរផ្លូវ ជាតិលេខ២ ស្ថិតក្នុង​សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជ​ធាន​ី​ភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពល​រដ្ឋដែលឃើញហេតុការណ៍ និងនៅក្បែរ កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុន ពេល​កើតហេតុជនរងគ្រោះជាអ្នករត់ម៉ូតូឌុប​បានដឹកជនសង្ស័យម្នាក់មិនដឹងមកពីណានោះទេ។ លុះមកដល់កន្លែងកើត ហេតុខាងលើជនសង្ស័យក៏ធ្វើសកម្មភាព ដកកូនកាំបិតមុខស្រួចដែលមានដងឈើចាក់ប្រហារពីក្រោយខ្នងទាំងកំរោលទៅ​លើអ្នករត់ម៉ូតូឌុបបណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ហើយបម្រុងយក​ម៉ូតូ​ចេញទៅ តែដោយសារផ្លូវ១ខ្សែនេះមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាច្រើន ទើបមានការភ្ញាក់ផ្អើលធ្វើឲ្យជនសង្ស័យភ័យរត់គេចចូលគុម្ពព្រៃក្នុង​ដីឡូមួយកន្លែងក្បែរនោះធ្វើឲ្យសមត្ថ កិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ រុករក​អស់​ជាច្រើនម៉ោងនៅតែ​រកមិន​ឃើញ​ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដឹកតាមម៉ូតូយកទៅ សង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យទាន់ពេលវេលាហើយ​បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យឯកជនទាំងក្ដីឈឺចាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖