ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើនរស់នៅខណ្ឌច្បារអំពៅ បង្ហើបប្រាប់ថា ៖ សិប្បកម្មផលិតស្ករត្នោត ផ្ទុកសារធាតុគីមីមួយកន្លែង ដំណើរការឡើងវិញហើយ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបកាលពីពេលកន្លងទៅ ។
ប្រជាពលរដ្ឋ ហាក់អស់ជំនឿលើអាជ្ញាធរ ដែលមានវិធានការដូចភ្លើងចំបើង ដោយ បិទអាជីវកម្មហើយ ក្រោយមកបើកវិញយ៉ាងរំភើយ គ្រាន់តែបានបញ្ជូនសំណុំរឿងជាក្រដាសទៅតុលាការចាត់ការបន្តតាមនីតិវិធី ប៉ុណ្ណោះ ។
មជ្ឈដ្ឋានជាច្រើន ដឹងយ៉ាងច្បាស់ថា ស្ករត្នោតផ្ទុកសារធាតុគីមីនេះ គឺ បានប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ទើបអាជ្ញាធរខិតខំចុះបង្ក្រាប តែក្រោយមក ហាក់ព្រលែងដៃវិញ ធ្វើឲ្យអាជីវកម្មខុសច្បាប់មួយនេះ ដំណើរការឡើងវិញ យ៉ាងងាយស្រួល ។
គេនៅចាំបានថា ទីតាំងដ៏ធំលួចលាក់ផលិតស្ករត្នោតផ្ទុកសារធាតុគីមី នេះ គឺ មាននៅស្រុកបាទី ខេត្តតាកែវ ហើយបានចែកចាយបន្តស្ទើរទូទាំងប្រទេស ។ បញ្ហានេះ លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបញ្ជាឲ្យបិទទីតាំងនេះចោលហើយ។
ប៉ុន្តែ មហាជនមានចម្ងល់ថា បើទីតាំងដ៏ធំនៅស្រុកបាទី ខេត្តតាកែវ បិទហើយ ចុះស្ករត្នោតផ្ទុកសារធាតុគីមី ដែលចែកចាយនៅកន្លែងផ្សេងទៀត បានមកពីណាវិញ ? ។ ប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេតករណីនេះផង ដើម្បីសុខភាពប្រជាពលរដ្ឋដែលទទួលទានស្ករត្នោត ច្រឡំថា ជាស្ករត្នោតពិតប្រាកដនេះ តាមការពិតជាស្ករត្នោតក្លែងក្លាយសោះ។
គួរបញ្ជាក់ថា សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុគីមីក្នុងស្ករជិត៤០តោន។
ការរកឃើញរោងសិប្បកម្មផលិតស្ករត្នោតដែលមានផ្ទុកសារធាតុគីមីនេះ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោមបទបញ្ជារបស់លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឆ្មក់ចូលឆែកឆេរសិប្បកម្មកែឆ្នៃស្ករត្នោតខាងលើនេះ ។
ប្រតិបត្តិការឆែកឆេរ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតនៅផ្ទះលេខ២១៣ និង២១៩ ផ្លូវ៣៦៩ ភូមិម៉ាក់គ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដោយមានកម្លាំងចម្រុះមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ មន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួងសុខាភិបាល ជាដើម ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួត លើកឡើងថា ការចុះប្រតិបត្តិការឆែកឆេរនូវសិប្បកម្មកែច្នៃស្ករ ត្នោតនេះធ្វើឡើងដោយសង្ស័យថា សិប្បកម្មនេះបានធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត និងលួចលាយនូវសារធាតុគីមី ។
តាមរបាយការណ៍របស់ក្រុមប្រតិបត្តិការបង្ក្រាបនេះ វត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យបិទ ឃ្លុំបេរក្សាដាក់ទុកក្នុងអាស័យដ្ឋានខាងលើ និងសម្រេច មិនឲ្យបើកធ្វើអាជីវកម្មបន្ត ហើយបានអញ្ជើញម្ចាស់ទីតាំងឈ្មោះ ឆែ គីម ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី ។
ប៉ុន្តែជាក់ស្ដែង ម្ចាស់ទីតាំងរូបនេះ ពុំត្រូវបានឃាត់ខ្លួនឡើយ គ្រាន់តែបញ្ជូនសំណុំរឿងទៅតុលាការតែប៉ុណ្ណោះ ៕ សុខ ខេមរា