ថ្មីៗនេះ ឈ្មួញរកស៊ីដឹកឈើបានសិទ្ធិក្នុងការនាំឈើចេញទៅក្រៅប្រទេសចំនួន១៣រថយន្តធំៗ ក្រោមអំណាចរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ ពាក្យចាស់លោកពោលថា «កន្ទេលធំបន្លំដេក» នោះគឺឈ្មួញអាចនាំឈើចេញ ក្រោមច្បាប់របស់លោកសុង ឃាង ដែលគេខ្សឹបថា ឈើនោះ គឺពួកឈ្មួញទើបតែកាប់អារថ្មីៗ ។ ដោយមានការសម្របសម្រួល និងដើរតួពីនាយខណ្ឌរដ្ឋបាលព្រៃឈើ អ៊ុំ វណ្ណសុភក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឈ្មួញបានដឹកឈើ១៣រថយន្តចេញទៅប្រទេសវៀតណាមដោយសុវត្ថិភាព ។
អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមអំណាចចាត់ចែងរបស់លោក ស្វាយ សំអ៊ាង ត្រូវគេរាយការណ៍ថា បានផ្អែមមាត់ផ្អែមក ជាមួយទំហំនៃការចេញឈើដ៏ច្រើនសន្ធឹកសន្ធាប់នោះ ។ ទំហំឈើ១៣រថយន្តធំៗរបស់ឈ្មួញនោះ ត្រូវគេអះអាងថា បានចែករំលែកគ្នាលិឌ ក្នុងចំណោមមន្ត្រីអ្នកមានអំណាចនៅខេត្តមណ្ឌលគិរី ។ អ្នកដែលបានលិឌផ្អែមមាត់ជាងគេ គឺថ្នាក់ដឹកនាំខេត្តនេះឯង ។ ក្រៅពីនោះ ក៏មានលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម និងមេចំណែកធំ គឺលោក អ៊ុំ វណ្ណសុភក្ត្រនាយខណ្ឌរដ្ឋបាលព្រៃឈើ ។ គេមិនដឹងថា តើថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើនៅភ្នំពេញ ក៏ដូចជាក្រសួងកសិកម្មបានជ្រាបពីទង្វើរបស់មន្ត្រីនៅក្រោមអំណាចឯខេត្តមណ្ឌលគិរី ដែរឬយ៉ាងណានោះទេ ។
ពួកឈ្មួញហាក់ដូចជាត្រូវបានខ្ទប់ម្តងរួចមកហើយ ចំពោះការប៉ុនប៉ងនាំឈើចេញទៅក្រៅប្រទេស ។ ប៉ុន្តែដោយមានការសម្របសម្រួល និងការដើរតួរបស់លោកអ៊ុំ វណ្ណសុភក្ត្រ ទើបប្រធានមន្ទីរកសិកម្មសម្រេចអនុញ្ញាតច្បាប់ឲ្យឈ្មួញនាំឈើចេញ រហូតដល់១៣រថយន្តធំៗ ។ ករណីលោក សុង ឃាង និងលោក អ៊ុំ វណ្ណសុភក្ត្រ ក្នុងនាមមន្ត្រីអនុវត្តច្បាប់ ប៉ុន្តែឆ្លៀតយកច្បាប់ដើម្បីស្វែងរកផលប្រយោជន៍នោះ បានកើតមានជាញឹកញាប់ ។ ពួកគេទាំងពីរនាក់នេះក្លាយទៅជាប្រភពហិរញ្ញវត្ថុដ៏ច្រើនសម្រាប់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ។ និយាយឲ្យខ្លីទៅ ថ្នាក់គណៈអភិបាលខេត្តមណ្ឌលគិរី បានសើមមាត់សើមក ក្នុងបញ្ហាបទល្មើសព្រៃឈើ ដោយសារតែប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ៕