ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកកាលពីវេលាម៉ោង​ ​១០​យប់​ ថ្ងៃ​ទី​២ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅ​មុខ​ផែស្ងួត​តិច​ស្រ៊ុន​ ស្ថិតនៅ​ភូមិ​ជម្ពូវ័ន ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

សព​ជនរងគ្រោះ​​ឈ្មោះ​ អ៊ុន​ ផាន់ណារ៉ា​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ អ្នកបើក​រថយន្ត ​ស្នាក់នៅ​ភូមិ​អង្គកែវ ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ មាន​ស្រុកកំណើតនៅ​ភូមិ​ អង្គ​តាភោគ​ឃុំ​សន្លុង​ ស្រុកត្រាំង​ ខេត្ត​តាកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ ​បាន​ប្រាប់ឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុ​ គេ​ឃើញ​ជន​រងគ្រោះ​ បានជិះ​ម៉ូតូ​ ម៉ាកឌ្រីម​សង់ ​ស៊េរី​២០១៧​ ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ​តាកែវ​​1​N-7653 ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លង​ផ្លូវ​ក៏ម៉ូតូមួយគ្រឿងទៀត ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៥ ពណ៌​ខ្មៅ ​ពាក់ស្លាក​ភ្នំពេញ​1CR-5139 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ ក្នុង​ល្បឿន​លឿន​ ​ចំពាក់​កណ្តាល​ម៉ូតូ​ បណ្តាល​ឲ្យ​ឌួល​បោក​នឹង​ថ្នល់​បែក​ក្បាល​ហូ​រ​ឈាម​ស្រោច​ពេញ​ក្បាល​ ហើយ​ម្នាក់​ទៀត​រង​របួស​ស្រាល ​។ ​​ភ្លាមៗ​ នោះ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​ដឹក​យក​ទៅ​សង្គ្រោះ​ផងដែរ​ ​ប៉ុន្តែ​ជា​អកុសល​រថយន្ត​សង្គ្រោះ​ដឹក​ចេញ​បាន​បន្តិច​ ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់តែម្ដង​។

ក្រោយ​​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​កើតហេតុ​ រួច​​ទាក់​ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​មក​វាស់​វែង​ ​និង​ធ្វើ​លិខិត​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។ ចំណែក​ ម៉ូតូ​ទាំង​២គ្រឿង​ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ សុខាសែនជ័យ


ចែករំលែក៖