ភ្នំពេញ៖ តារាចម្រៀង តារា ពេជ្រ ធ្លាប់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីលោកបានបញ្ចេញបទចម្រៀង Original Song លើកដំបូងកាលពីដើមឆ្នាំ២០១៨ ។ មិនទុកយូរតារាចម្រៀងសំនៀង៣ភាសារូបនេះ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីគឺបទ នឹក បន្ទាប់ពីបទមួយនេះ ទទួលបានការកោតសរសើរខ្លាំងពីរាមច្បងសិល្បៈ។
អតីតសិស្សសាលាមធ្យមសិល្បៈ ធ្លាប់បានបង្ហាញមុខលើវេទីកាសិល្បៈជាច្រើន ដោយទទួលបានការពេញចិត្ត នឹងទឹកដមសំនៀងពិរោះរណ្តំថ្នមគួរឲ្យចង់ស្តាប់ទាំងបទភាសាខ្មែរ អង់គ្លេស និងថៃ។ ធ្លាប់បំពេញចិត្តអ្នកគាំទ្រតារាវ័យក្មេងរូបនេះ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួន លើកដំបូងមានចំណងជើងថា «មិនជឿ ស្រលាញ់សិនមើល» ដែលទទទួលបានការគាំទ្រច្រើន ។
បទថ្មីបែបមនោសញ្ចេតនាអន្ទងអារម្មណ៍អ្នកស្តាប់ថ្មីមួយគឺបទ នឹក ដែលទើបនឹងបញ្ចេញថ្មីៗនេះ ក៏កំពុងទាញអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងតាមអត្ថន័យនៃបទចម្រៀងផងដែរ។
តារារូបនេះ លើកឡើងថា បទ នឹក គឺជាបទចម្រៀង Original Song ដែលលោកធ្លាប់បានយកទៅប្រឡងក្នុងកម្មវីធីប្រកួតចម្រៀង The Melody របស់ទូរទស្សន៍ បាយ័ន កាលពីពេលកន្លងទៅ និងទទួលបានការកោតសរសើរខ្លាំងពីគណៈកម្មការប្រកួតថា ជាបទដែលបង្កប់ដោយអត្ថន័យពិរោះរណ្តំចិត្ត ។ លោកថា បទនេះនិពន្ធ បទភ្លេងដោយ លោក តុំ សារ៉ាដេត និងទំនុកច្រៀងដោយ លោក SaradatSok ដែលរៀបរាប់អំពីចិត្តនឹករលឹកទៅកាន់មនុស្សជាទីស្រឡាញ់ក្រោយបែកគ្នាមួយរយៈ។
លោកបង្ហាញពីជំនឿជាក់ថា បទចម្រៀងមួយនេះ នឹងទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រ ហើយក៏ជាទុនសម្រាប់បន្តការធ្វើដំណើរនៅលើការងារសិល្បៈបន្តទៀតផងដែរ ៕ វឌ្ឍនា