ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពជនបរទេសម្នាក់ អណ្តែតទឹកទន្លេ មុខស្ថានីយបូមទឹកព្រះគម្លង់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខណៈដែលក្រុមទូកអ្នកនេសាទចាមប្រទះឃើញសពជនបរទេសម្នាក់ អណ្តែតទឹកទន្លេមុខស្ថានីយបូមទឹកព្រះគម្លង់ ហើយនាំគ្នាស្រង់យកមកដាក់លើគោក នៅចំណុចមុខវត្តឧណ្ណោលោម ផ្លូវព្រះស៊ីសុត្ថិ ក្នុងសង្កាត់ជ័យជនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមរាបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពមិនត្រូវបានគេស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាជាជនជាតិបរទេស ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ ពាក់អាវពណ៌ក្រហមដៃវែង ខោខៅប៊យជើងវែង និងមានស្លៀកខ្លី រឹតខ្លីត្រឹមលើជង្គង់។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ គឺនៅព្រឹកថ្ងៃកើតហេតុ ក្រុមអ្នកនេសាទទូកចាមបានចេញរកត្រីនៅក្បែរកន្លែងកើតហេតុ ស្រាប់តែពួកគាត់បានឃើញសពអណ្តែតទឹកថ្កាប់មុខ ពួកគាត់ទាំងនោះ នាំគ្នាចែវទូកទៅជិតទើបដឹងថា ជាសពរបស់ជនបរទេស ក៏ស្រង់មកដាក់នៅមាត់ច្រាំងទន្លេ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកពិនិត្យតែម្តង ។

បន្ទាប់មកកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព រួចបញ្ជាក់អះអាងសពហើយដោយមិនមានស្លាកស្នាម ដែលសង្ស័យជាអំពើឃាតកម្មអ្វីនោះទេ ទើបសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនបរទេសដែលស្លាប់នេះ ស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ។

ក្នុងហេតុការណ៍នោះដែរ ប្រជាពលរដ្ឋបានឲ្យដឹងថា ជនបរទេសរូបនោះអាចស្រវឹងធ្លាក់ទឹកក៏ថាបាន ព្រោះអីម្តុំមាត់ទន្លេនោះសម្បូរទៅដោយជនបរទេសជាភ្ញៀវទេសចរជាច្រើន ដែលតែងតែលំហែកាយតាមមាត់ច្រាំងទន្លេនោះ អីចឹងហើយជនរងគ្រោះសង្ស័យតែគាត់ស្រវឹងជ្រុល ឬក៏ចុះទឹក ទើបបណ្តាលឲ្យលង់ស្លាប់គ្មានអ្នកដឹង ។

បច្ចុប្បន្នសពជនបរទេសរូបនោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅបូជានៅវត្តសំបួរមាស សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ស តារា


ចែករំលែក៖