ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍នេសាទ​គ្មានសិទ្ធិបង្ក្រាបបទល្មើស​ជំនួសមន្ត្រីជលផល គ្រាន់តែមានសិទ្ធិរាយការណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មានសេចក្តីរាយការណ៍ថា បទល្មើសនេសាទ​បានកើតឡើងនៅតំបន់ព្រៃរនាម មាត់បឹងទន្លេសាប នៅតំបន់​​សហគមន៍ស្រីចឹក ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍នេះ ញាំង​ឲ្យមានការរិះគន់ថា ប្រធានសហគមន៍នេសាទស្រីចឹក លោក ឌុក សុខា ពាក់ព័ន្ធនឹងបទល្មើសនេសាទនេះ ។ ប៉ុន្តែលោកឌុក សុខា អះអាងថា សហគមន៍នេសាទគ្មានសិទ្ធិបង្ក្រាបបទល្មើសទេ ពោលគឺមានសិទ្ធិត្រឹមរាយការណ៍​ឲ្យស្ថាប័នជំនាញគឺរដ្ឋបាលជលផល​ចុះ​បង្ក្រាប ហើយបើគេ(ជលផល) ហៅចូលរួមបង្ក្រាប ទើបអាចចូលរួមបាន ។

បណ្តាញផ្សព្វផ្សាយនានាបានរិះគន់លោកឌុក សុខា ថា បានបណ្តែត​បណ្តោយ និងឃុបឃិត​ឲ្យមានបទល្មើសនេសាទ នៅ​ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តាមរយៈការ​បង្កើតឲ្យមាន​«ប» រាប់ពាន់គីឡូម៉ែត្រ ពីបណ្តាអ្នកនេសាទ​មកពីស្រុកជីក្រែង ខេត្តសៀមរាប ។ ប៉ុន្តែ​ប្រជាសហគមន៍​តំបន់ស្រីចឹក ស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ប្រមាណជិត១០០មេដៃ បានផ្តិតមេដៃប្រឆាំង​ចំពោះ​ការចោទប្រកាន់​មកលើលោក ឌុក សុខា នោះ ។ ប្រជាពលរដ្ឋ​នៅ​តំបន់សហគមន៍ស្រីចឹក អះអាងថា លោកឌុក សុខា មិនពាក់ព័ន្ធនឹងបទល្មើសនេសាទ​នេះ​ទេ ពីព្រោះ សហគមន៍គ្មានសិទ្ធិអំណាចអ្វី​ក្នុងការអនុញ្ញាត​ឲ្យមានបទល្មើសនោះឡើយ ។

តំណាងប្រជា សហគមន៍នេសាទស្រី​ចិកមួយរូបនិយាយថា ពួកគាត់មានសិទ្ធិ នេសាទជាលក្ខណៈគ្រួសារ ដើម្បីបានត្រី គ្រាន់ចិញ្ចឹមជីវិត ។ ចំពោះការចោទប្រកាន់ អំពីបញ្ហាបទល្មើសនេសាទ បច្ចុប្បន្ននេះ នៅលើផ្ទៃបឹងទន្លេសាប កន្លែងណាក៏មាន បទល្មើសនេសាទដែរ ។ រីឯតួនាទីក្នុងការ បង្ក្រាបបទល្មើស គឺសមត្ថកិច្ចរដ្ឋបាលជល ផលឯណោះទេ ។​ ប្រសិនបើសមត្ថកិច្ចជល ផលរកកិច្ចសហការជាមួយសហគមន៍ ដើម្បីបង្ក្រាបបទល្មើស នោះទើបប្រជា នេសាទអាចចូលរួមបាន ។

តំណាងប្រជាពលរដ្ឋនិយាយថា លោក ឌុក សុខា មិនបានប្រព្រឹត្តនិងជាប់ពាក់ព័ន្ធ ចំពោះបញ្ហាបទល្មើសនេសាទនោះឡើយ ។ ផ្ទុយទៅវិញ លោកបានប្រឹងប្រែងការពារ ថែរក្សាធនធានធម្មជាតិ ដែលមាននៅក្នុង សហគមន៍បានយ៉ាងល្អទៀតផង ។ នៅក្នុងនោះការថែរក្សាការពារទីកន្លែងអភិរក្ស (ព្រែកតាចាន់) ក៏បានល្អនៅសល់ពូជត្រី យ៉ាងច្រើនរាប់តោន កើនមួយឆ្នាំទៅមួយ ឆ្នាំ ។ ដូច្នេះការចោទប្រកាន់ទាំងឡាយ គ្មានមូលដ្ឋានច្បាស់លាស់ទេ ។

បណ្តាញផ្សព្វផ្សាយ​ដូចជាគេហទំព័រ និងហ្វេសប៊ុកមួយចំនួនបានវាយប្រហារដោយគ្មានមូលដ្ឋានច្បាស់លាស់ និងវិជ្ជាជីវៈ ទៅលើលោក ឌុក សុខា ថាបណ្តែតបណ្តោយ និងឃុបឃិត​ឲ្យមានបទល្មើសនេសាទ​នៅក្នុងសហគមន៍របស់ខ្លួន ។ ប៉ុន្តែប្រជាពលរដ្ឋ​បានបដិសេធន៍ចំពោះការលើកឡើងទាំងនោះ ពីព្រោះ​សហគមន៍គ្មានសិទ្ធិអំណាចអ្វីនៅពីលើរដ្ឋបាល​ជលផល ដែលជាសមត្ថកិច្ចរបស់រដ្ឋនោះទេ ។ សហគមន៍​មានតួនាទី​ត្រឹមតែអប់រំ ណែនាំ​ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីសារសំខាន់ នៃធនធានធម្មជាតិ ជាពិសេសរួមគ្នាថែរក្សា ពូជត្រីដ៏មានសារសំខាន់តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​សហគមន៍នេសាទស្រីចឹកអះអាងថា ការចោទប្រកាន់ទាំងឡាយ​គ្មានមូលដ្ឋាន និងមិនយល់អំពីច្បាប់ទម្លាប់ ៕ ប៉ឹម ពិន


ចែករំលែក៖