ព័ត៌មានទាន់ហេតុការណ៍៖

ចោរជនជាតិវៀតណាមម្នាក់ បន្លំលួចកាបូបលុយអាជីវករក្នុងផ្សារធំថ្មី បានសម្រេច តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប្រចាំការក្នុងផ្សារធំថ្មី បានក្របួចចាប់ចោរជនជាតិវៀតណាមម្នាក់ ភ្លាមៗខណៈចូលទៅបន្លំលួចកាបូបលុយរបស់អាជីវករអ្នកលក់ដូរខោរអាវ បានសម្រេចហើយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។

ករណីចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងទីរួមផ្សារធំថ្មី មុខតូបលក់ខោអាវលេខI044 ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ង្វៀង វ៉ាន់ហ្វៀវ (NGUYEN VAN HIEV) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខC3118974។ វត្ថុតាងចាប់យកមាន កាបូបយួរពណ៌សុកូឡា១ មានលុយចំនួន៥០០.០០០រៀល, ទូរស័ព្ទដៃម៉ាក HUWEI ពណ៌ទឹកមាស (បានប្រគល់ឲ្យជនរងគ្រោះវិញ), កាបូបស្ពាយពណ៌សុកូឡាចំនួនមួយ មានខោអាវ និងមានលិខិតឆ្លងដែនវៀតណាមមួយក្បាលលេខ C3118974 (ជារបស់ជនសង្ស័យ)។ ចំណែកជនរងគ្រោះឈ្មោះ ធី សាអ៊ី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោផ្សារធំថ្មី ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១បេ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យបានដើរចូលទៅក្នុងបរិវេណផ្សារធំថ្មី ដល់កន្លែងតូបកើតហេតុ ខណៈឃើញជនរងគ្រោះកំពុងតែដេកមានកាបូបលុយនៅក្បែរខ្លួនជាឱកាសល្អក៏ទៅលួចយកពេលដើរចេញគាប់ជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោរឡោឡើង ក៏ត្រូវជាប់អន្ទាក់របស់កម្លាំងប្រចាំការផ្សារធំថ្មីតែម្តង។

បច្ចុប្បន្ន ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ស តារា


ចែករំលែក៖