ព័ត៌មានទាន់ហេតុការណ៍៖

លោកផ្កាយ២អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោកម្នាក់ ដកកាំភ្លើងខ្លីបាញ់រះ ៨គ្រាប់នៅក្នុងផ្ទះល្វែងតាង៉ូវផ្អើលកណ្ដាលយប់

ចែករំលែក៖

ភ្នំពេញ ៖ លោកផ្កាយ២អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោកម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ប្រាក់ តូចវាសនាបានធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់រះចំនួន៨គ្រាប់យ៉ាងអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពល​រដ្ឋដែលរស់នៅក្នុងបុរីផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភិតភ័យយ៉ាងខ្លាំងទាំងកណ្ដាលអាធ្រាត ។

ករណីបាញ់បោះសេរីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាល ពីវេលាម៉ោងជាង១២រំលងអធ្រាត ឈានចូល ថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសំណង់ផ្ទះល្វែង តាង៉ូវ ផ្លូវ ៦៦៦A ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យបាញ់បោះសេរីខាងលើនេះមានឈ្មោះ ប្រាក់ តូចវាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោកស្នាក់នៅផ្ទះ កើតហេតុ ។ យោងតាមសម្តីប្រជាពលរដ្ឋម្នាក់ដែលបានបំភ្លឺប្រាប់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មុនដំបូងគាត់ បានធ្វើដំណើរ តាមរថយន្តចេញពីទួល ក្រសាំងតែម្នាក់ឯងឆ្ពោះមកផ្ទះ ហើយមុន ពេលចេញពីទួលក្រសាំង បានទូរស័ព្ទមកប្រពន្ធឲ្យចាំបើកទ្វារផ្ទះ ។

ពេលនោះប្រពន្ធ ប្រាប់ថា មានមនុស្សប្រុសម្នាក់ អាយុ ប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់គាត់ នៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។ លុះមកជិតដល់ផ្លូវចូលបុរីខាងលើរូបគាត់ឈប់រថយន្តចុះចូលទៅប្រាប់ មន្រ្តីនគរបាលប៉ុស្តិ៍និរោធ ហើយនគរបាលប៉ុស្ដិ៍និរោធក៏បានប្រាប់ថាមាននគរបាលទៅពីរនាក់ហើយ រួចគាត់ក៏ចេញមកផ្ទះ ។ ពេលមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែជនបង្កហេតុនោះស្រែកសួរគាត់ថា អ្ហែងទៅណា?” ហើយអាមេកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មួយដើម ចុះឡើងៗ ។

ដោយឃើញសភាពមិនស្រួលគាត់ ក៏បើករថយន្តថយក្រោយត្រលប់ទៅប៉ុស្តិ៍នគរបាល និរោធវិញ ហើយប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ផង ព្រោះគាត់ភ័យហើយមិនអាចចូលទៅផ្ទះបានទេ ។ បន្ទាប់ពីធ្វើសកម្មភាពផ្ទុះអាវុធរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ បានចុះទៅឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើយកទៅ សាកសួរនៅប៉ុស្តិ៍នគរបាលនិរោធតែម្តង។

ក្រោយពីធ្វើការសាកសួររួចហើយសមត្ថ កិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តែមិនដឹងថា សាកសួរបន្ត និងកសាងសំណុំរឿងបន្ថែម យ៉ាងណានោះទេដោយក្រុមអ្នកសារព័ត៌មាន នៅមិនទាន់ទទួលបានព័ត៌មានលម្អិតពីសមត្ថកិច្ចនៅឡើយ ព្រោះពេលទៅ ដល់មុខប៉ុស្តិ៍សមត្ថកិច្ចបានទាញទ្វារបិទ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋាន ខណ្ឌច្បារអំពៅ ហាក់បីដូចជាព្យាយាម​បិទ បាំង មិនផ្ដល់ព័ត៌មានជូនក្រុមអ្នកយកព័ត៌មានទាំងអស់ ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖