បម្រែបម្រួលអាកាសធាតុបានក្លាយទៅជាប្រធានបទក្តៅរាល់កិច្ចប្រជុំរបស់អង្គការអន្តរជាតិនានា ដោយសារតែរយៈ ពេលកន្លងមក ស្ថានភាពអាកាសធាតុបានបង្កផលអវិជ្ជមាន ដល់ការរស់នៅរបស់ពលរដ្ឋ ដោយត្រូវជួបនូវគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ… ពិសេសកម្តៅផែនដីកើនឡើងខ្ពស់ ឆ្នាំទី៤ផ្ទួនៗគ្នា ។
នៅក្នុងកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ Cop 24 ដែលបានចាប់ផ្តើមនៅរសៀលថ្ងៃទី៣ ខែធ្នូ (ម៉ោងនៅកម្ពុជា) បានធ្វើឡើងនៅទីក្រុង Katowice ប្រទេសប៉ូឡូញ ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងគ្រោះធម្មជាតិជាបន្តបន្ទាប់ ។ ប្រទេសក្រីក្របាននិងកំពុងទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុ ជាមួយគ្នានេះ បណ្តាប្រទេស ដែលមានវិស័យឧស្សាហកម្មរីកចម្រើន បានអំពាវនាវឲ្យអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
នៅក្នុងឆ្នាំ២០១៨នេះ មានគ្រោះធម្មជាតិជាច្រើនបានកើតឡើងនៅជុំវិញពិភពលោកបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិតយ៉ាងច្រើន ។ ជាក់ស្តែង គ្រោះធម្មជាតិដែលចាប់អារម្មណ៍ខ្លាំងបំផុតមានដូចជា ភ្លើងឆេះព្រៃ នៅកាលីហ្វ័រនីញ៉ា គ្រោះរាំងស្ងួតនៅអូស្ត្រាលី ព្យុះមង្ឃុតវាយប្រហារហ្វីលីពីន រញ្ជួយដីបង្ករលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ីជាដើម ។
ក្រុមអ្នកឯកទេសស្តីអំពីអាកាសធាតុរបស់អង្គការសហប្រជាជាតិបានព្រមានថា ប្រសិនបើមិនខិតខំអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងធ្វើយ៉ាងណារក្សាផែនដីកុំឲ្យកើនកម្តៅ បើមិនដូច្នោះទេ គ្រោះធម្មជាតិនឹងកើនឡើងខ្ពស់នៅឆ្នាំខាងមុខ ។ អ្វីដែលគួរឲ្យបារម្ភជាងនេះនោះ គឺមានប្រទេសឧស្សាហកម្មរីកចម្រើនមានគម្រោងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាសញ្ញាអាក្រក់ ជំរុញឲ្យកិច្ចព្រមព្រៀងត្រូវបែកបាក់ ប៉ះពាល់ដល់ការខិតខំការពារបម្រែបម្រួលអាកាសធាតុ ។
សន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី ២៤ Cop 24 ត្រូវចាប់ផ្តើមមបើកទ្វារ ចាប់ ពីថ្ងៃអាទិត្យនេះ រហូតដល់ថ្ងៃទី ១៤ធ្នូ នៅប្រទេសប៉ូឡូញ។ នៅពេលដែលអ្នកជំនាញខាងអាកាសធាតុ បានព្រមានពីការកើនឡើងនៃកំដៅផែនដី ៣អង្សា បន្ថែមទៀត ពីពេលនេះ រហូតដល់ចុងសតវត្សរ៍ ប្រទេសអ្នកមាន ហាក់និយាយចុងមាត់ ចុងក ក្នុងរឿងគោរពកិច្ចសន្យា ដើម្បី កាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រភពធ្វើឲ្យផែនដីឡើងកំដៅ។ ប្រទេសក្រីក្រឯណោះវិញ រង់ចាំ ជាមួយ ក្តីសង្ឃឹមតិចតួច ជំនួយបៃតងពីក្រុមប្រទេសមហាឧស្សាហកម្ម ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនរហូតមក។
គេឃើញយ៉ាងច្បាស់ ជំហរដ៏រារែករបស់ប្រទេសឧស្សាហកម្ម នៅក្នុងការគោរពអនុវត្តធ្វើតាមកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ក្រុងប៉ារីស។ នៅថ្ងៃម្សិលមិញ នៅក្នុងសេចក្តីថ្លែងការណ៍នៅក្រោយកិច្ចប្រជុំ G២០ នៅប្រទេសអាហ្សង់ទីន សមាជិករបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម ទាំង២០ ដែលជាហត្ថេលខីនៃកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ (លើកលែងតែអាមេរិក ដែលដកខ្លួនចេញ កាលពីឆ្នាំ ២០១៧) បានត្រឹមតែបញ្ជាក់ថា គេនឹងចូលរួមអនុវត្តធ្វើតាមកិច្ចព្រមព្រៀង ប៉ុន្តែ មិនបានលម្អិតអ្វីច្រើននោះទេ។
នៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ រយៈពេល ១២ថ្ងៃ ដែលចាប់ផ្តើមបើកធ្វើនៅថ្ងៃអាទិត្យនេះ នៅប្រទេសប៉ូឡូញ ប្រទេសចំនួន ២០០នៅក្នុងពិភពលោក ត្រូវពិភាក្សា ដើម្បីដាក់ឲ្យអនុវត្តកិច្ចព្រមព្រៀង ក្រុងប៉ារីស ដែលសំដៅ ទប់ទល់កុំឲ្យកំដៅលើផែនដី កើនឡើង ២អង្សាបន្ថែមទៀតពីពេលនេះរហូតដល់ចុងសតវត្សរ៍ទី២១។ ជារួម គេត្រូវផលិតឲ្យបានសៀវភៅ បទបញ្ជារមួយ ដែលមានចែងតាំងពីតម្លាភាព បរិមាណឧស្ម័នកាបូនិកដែលគេត្រូវកាត់បន្ថយ ហើយនិងថវិកា សម្រាប់ជួយប្រទេសក្រីក្រ ដែលរងប៉ះពាល់រួចហើយ ដោយសារការប្រែប្រួលអាកាសធាតុ។
បញ្ហាថវិកា ហើយនិងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាសំណួរចោទចំបងដែល គេគេចវេសមិនចង់លើកនិយាយ។ ទៅតាមកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ក្រុងប៉ារីស ក្រុមប្រទេសអ្នកមានបានសន្យាផ្តល់វិភាគទាន ដល់កញ្ចប់ថវិកាបៃតង ដែលត្រូវមាន២០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ រហូតដល់ឆ្នាំ ២០២០។ ប៉ុន្តែ តាម របាយការណ៍ របស់អង្គការOxfamមានតែថវិកាតែពាក់កណ្តាលតែប៉ុណ្ណោះ ដែលត្រូវបានគេផ្តល់សម្រាប់ជំនួយកញ្ចប់បៃតង។ ក្រុមប្រទេសអ្នកមាន ប្រទេសមហាឧស្សាហកម្មវាយតម្លៃថា ថវិកាបៃតង គឺសម្រាប់ជួយទ្រទ្រង់ សកម្មភាព គម្រោងការវិនិយោគណាដែលជួយ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ប៉ុន្តែ សម្រាប់ប្រទេសក្រីក្រ ពួកគេសក្តិសមនឹងទទួលបានជំនួយ ដោយសារតែជីវិតរស់នៅរបស់ពួកគេ ត្រូវបានប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ឬការបញ្ចេញឧស្ម័នកាបូនិករបស់ក្រុមប្រទេសអ្នកមាន។
នៅពេលដែលក្រុមប្រទេសអ្នកក្រ និងក្រុមប្រទេសមហាឧស្សាហកម្ម យល់មិនដូចគ្នា គេឃើញកើតមានផងដែរ ការខ្វែងគំនិតគ្នារវាងក្រុមប្រទេសមហាឧស្សាហកម្ម ក្នុងរឿងកាត់បន្ថយឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រភពធ្វើឲ្យផែនដីឡើងកំដៅ។ ប្រទេសមួយចំនួន បានបដិសេធ មិនផ្លាស់ប្តូរប្រភពថាមពលរបស់ខ្លួន ដើម្បីហេតុផលប្រយោជន៍សេដ្ឋកិច្ច។ ជាក់ស្តែង ប៉ូឡូញ ដែលធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីអាកាសធាតុ លើកនេះ នៅតែការពារនយោបាយ ប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលក្នុងស្រុក នោះបើទោះបីជាធ្យូងថ្ម បញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេក៏ដោយ។ នៅប្រេស៊ីល ជាទី ដែលមានការកាប់បំផ្លាញព្រៃ អាម៉ាហ្សូន ក្នុងទ្រង់ទ្រាយធំ មិនធ្លាប់ មាន ប្រធានាធិបតីថ្មីរបស់ប្រេស៊ីល ដែលកោតសរសើរនយោបាយរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសបដិសេធមិនទទួលរៀបចំ សន្និសីទស្តីពីអាកាសធាតុ លើកទី ២៥ ដែលត្រូវគ្រោងធ្វើ នៅឆ្នាំ ក្រោយ៕ ម៉ែវ សាធី