ព័ត៌មានទាន់ហេតុការណ៍៖

​ឆបោក​យក​ម៉ូតូ​ពី​មិត្តភក្តិ​បាន​ជាង​១​ខែ ជនរងគ្រោះប្រើ​នារី​ម្នាក់​ធ្វើ​ជា​ធ្នាក់​ណាត់ជួប ចាប់បាន​វាយ​ជនសង្ស័យ​ប៉ោង​ភ្នែក​

ចែករំលែក៖

ភ្នំពេញ ៖ ​កាលពីវេលា​ម៉ោង​៤​ល្ងាច ថ្ងៃអាទិត្យ ១០រោច ខែកត្តិកឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បានទទួលជនសង្ស័យ​ម្នាក់ ពីជនរងគ្រោះក្រោយធ្វើសកម្មភាព ​​ឆបោក​យក​ម៉ូតូ ​ពី​មិត្តភក្ តិ​បានសម្រេច ហើយគេចខ្លួនបាត់​ជាង​១​ខែ ក៏ត្រូវ​ម្ចាស់​ម៉ូតូ​ ប្រើ​ល្បិចឲ្យនារី​ម្នាក់​ ធ្វើ​ជា​ធ្នាក់ ​ណាត់ជួបជនសង្ស័យ ហើយ​នាំ​គ្នា​បានវាយម្នាក់ មួយដៃមួយជើង ​ប៉ោង​ភ្នែក រួច​ប្តឹង​ សមត្ថកិច្ចប៉ុស្តិ៍​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សួន ឃី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បើករថយន្តស្នាក់​នៅ​ម្តុំ​ផ្លូវ ប្រឡោក ​បែក មានស្រុក​កំណើត​នៅ​ភូមិ​តាំងគោកឃុំ ផ្សែងភ្លើង ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ឆបោកម៉ូតូមួយគ្រឿង​ ម៉ាក​ស៊ុ​យ​ហ្ស៊ីយ​គី​និ​ច ពណ៌​ត្រួយ​ចេក ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1 DH-3326 ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះប្រាក់ សុ​វ័ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​សា​ឡុ​ង ស្នាក់​នៅ​ភូមិ​ថ្មគោល​៣ សង្កាត់​​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ផ្លូវ​ទូក ឃុំ​ប្រលាយ​មាស ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង ។

មន្រ្តីដដែលបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺ​ជនសង្ស័យ និង​ជន​រង​គ្រោះជា​មិត្តភក្តិ​នឹង​គ្នា ហើយទើបនឹង​ស្គាល់គ្នា​បាន​ពីរ​បី​ថ្ងៃតែប៉ុណ្ណោះ ​ដោយពួកគេបាន​នាំ​គ្នា​ជិះម៉ូតូចេញពី​បន្ទប់​ជួល​ជន​រង​គ្រោះ​នៅ​ម្តុំ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ទៅដើរ​លេង​នៅ​ម្តុំ​កំ​បូល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ លុះ​ជិះ​ម៉ូតូ​មក​ដល់​ស្តុ​ប​ទំនុប​កប់​ស្រូវ នៅ​ពេល​នោះ​ជន​រង​គ្រោះ​នឹង ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ដាក់​គោល​ដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ​ពេលនោះពួកគេម៉ូតូ​​គ្មានដាក់​កញ្ចក់ និង​​មិន​ពាក់មួក​សុវត្ថិភាព ក៏ត្រូវកម្លាំងនគរបាលឃាត់និងផាកពិន័យ ។ ប៉ុន្តែដោយសារតែពួកគេគ្មានលុយថ្លៃផាកពិន័យ ​ជនសង្ស័យ​ក៏​បានឲ្យជន​រង​គ្រោះ​ចាំ​នៅ​កន្លែង​សមត្ថកិច្ច ហើយ​រូបគេ​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​យក​លុយពី​មេ​របស់​ខ្លួន​​នៅ​ម្តុំ​កំ​បូល ដើម្បី​យក​លុយ​ឲ្យសមត្ថកិច្ច ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ចាំ​ជនសង្ស័យអស់​រយៈពេល​ជាង​១​ម៉ោង ​ពុំ​ឃើញ​ជនសង្ស័យ​យក​ម៉ូតូនិង​លុយ​ឲ្យ​សមត្ថកិច្ច​ ហើយមានការសង្ស័យថា ជនសង្ស័យ​ខាងលើនេះ បានប្រើល្បិចឆបោក​ម៉ូតូ​គាត់​យក​ទៅ​បាត់​ហើយទើប​ជន​រង​គ្រោះ​បាន​ប្រាប់ សមត្ថកិច្ច​ចរាចរណ៍​តាម​ដំណើររឿងនិង​ទៅ​ប្តឹង​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅទី១​ភ្លាម​ៗ​ផង​ដែរ ​។ លុះដល់​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ​ទើប​ស្គាល់​លេខ​ទូរស័ព្ទ​របស់​ជនសង្ស័យ ក៏បានឲ្យ​នារី​ម្នាក់ជាមិត្តភក្តិ ​ធ្វើជា​ធ្នាក់​ដើម្បី​ទូរស័ព្ទ​ណាត់ជួប​ជាមួយ​ជនសង្ស័យ និង​ហៅមិត្តភិត្ត​មួយ​ចំនួន រង់ចាំ​​ស្ទាក់​ចាប់​បានជនសង្ស័យ​ ហើយ​នាំ​គ្នា​វាយម្នាក់មួយដៃមួយជើង​បណ្តាល​ឱ្យ​ប៉ោង​មុខ​ រួចប្រគល់ឲ្យ​សមត្ថកិច្ចចាត់ការតាមនីតិវិធី ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ បាន​ឆ្លើយសារភាព​ថា ម៉ូតូ​ដែលឆ​បោក​ពី​ជនរងគ្រោះនោះ គឺ​យក​ទៅ​បញ្ចាំ​បាត់​ហើយបច្ចុប្បន្នជនសង្ស័យត្រូវបាន​សមត្ថកិច្ច​ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕សតារា


ចែករំលែក៖