ខេត្តកំពង់ឆ្នាំង ៖ មជ្ឈដ្ឋាននានាកំពុងតែងមានកាងឿងឆ្ងល់ និងវិលវល់ចំពោះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីបង្ហាញមនុស្សចំនួន២០នាក់ រួមនឹងវត្ថុតាងថ្នាំញៀនដែលលាតត្រដាងលើតុ ដែលពាក់ព័ន្ធនឹងករណី គ្រឿងញៀននៅខេត្តកំពង់ឆ្នាំង បង្ហាញដល់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៧ ខែធ្ន ឆ្នាំ២០១៨រួចនោះ ស្រាប់តែមានប្រភពផ្សេងមួយទៀត បានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំង២០នាក់នោះ ត្រូវបានដោះលែងអស់១៥នាក់បាត់ទៅហើយ និង បានបញ្ជូនទៅតុលាការតែ៥នាក់ប៉ុណ្ណោះ ។
ជនសង្ស័យទាំង២០នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ត្រូវបានប៉ូលិសឃាត់ខ្លួនបានជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងស្រុកទឹកផុស ក្រុងកំពង់ឆ្នាំង និង ស្រុករលាប្អៀរ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនមាន ថ្នាំញៀនប្រភេទICE ចំនួន៩៦កញ្ចប់ ទំងន់២៧០,១៦ក្រាម/ថ្នាំញៀនប្រភេទWYចំនួន១៨២ គ្រាប់ទំងន់១៩,៦០ក្រាម ម៉ូតូ ចំនួន២គ្រឿង ទូរស័ព្ទដៃ៤គ្រឿង សម្ភារវេចខ្ចប់និងឧបករណ៍ជក់មួយចំនួនទៀត។
ពាក់ព័ន្ធនិងករណីនេះ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននោះទេ នៅព្រឹកថ្ងៃទី៨ ធ្នូនេះ ។
ជុំវិញករណីនេះ មជ្ឈដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង ធ្វើការរិះគន់ថា បើករណីនេះ វាបានកើតមានពិតប្រាកដមែននោះ គួរឲ្យសោកស្តាយ ចំពោះកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាល ដែលខិតខំបម្រើស្មោះត្រង់ ប្រឈមបញ្ហាគ្រប់បែបយ៉ាង ទម្រាំអាចឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ។ ប៉ុន្តែផ្ទុយទៅវិញ ក្រោយពីបង្ហាញមុខជនសង្ស័យឲ្យកាសែត ទូរទស្សន៍ថតរួច ក៏ដោះលែងអស់១៥នាក់វិញភ្លាមក្តៅៗតែម្តង ។
ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងមួយចំនួនបានលើកឡើងថា បើចាប់ដើម្បីដោះលែង ដោយយករូបភាព មិនគ្រប់គ្រាន់នីតិសម្បទា នៃការចោទប្រកាន់រួចដោះលែងវិញបែបនេះ អ្នករងគ្រោះពិតជាមានការឈឺចាប់ខ្លាំងណាស់ ព្រោះតែតម្លៃទឹកប៊ិចរបស់សមត្ថកិច្ច ក្នុងការៀបចំសំណុំរឿងវាមិនបានឆ្លុះបញ្ចាំង តថភាពជាក់ស្តែង ។
ករណីបែបនេះ វាមិនមានអ្វីប្លែកនោះទេ ហើយក៏មិនមែនជាលើកទី១ដែរ សម្រាប់ ខេត្តកំពង់ឆ្នាំង ពេលខ្លះប្រមូលជនសង្ស័យមួយហ្វូង ប៉ុន្តែដោយសារក្រុមគ្រួសារជនសង្ស័យមួយចំនួនមានសេដ្ឋកិច្ចធូរធា ក៏បានគេចផុតពីសំណាញ់ច្បាប់ដោយប្រើរូបភាព ផ្សេងៗ អ្នកដែលត្រូវជាប់បែរជារួចខ្លួន អ្នកដែលត្រូវរួចខ្លួន បែរជាជាប់ ដោះមិនចេញទៅវិញ ។ ពេលខ្លះសមត្ថកិច្ចក្រុមប្រតិបត្តិការបង្រ្កាបបទលើ្មសគ្រឿងញៀន ស្ទើរតែផ្ទុះរឿងនឹងគ្នា ព្រោះតែលុយប្រតិបត្តិការនោះចែកមិនបានស្មើគ្នា(Sic)៕ ចន្ថា