ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០នាទី មានអំពើចោរកម្មលួចកាច់សោយកម៉ូតូមួយគ្រឿងម៉ាកស្កុបពី ផលិតឆ្នាំ ២០១៨ ពណ៌សពាក់ ស្លាកលេខៈ ភ្នំពេញ ១HD-១៤៩២ ដែលម្ចាស់បានទុកនៅមុខក្លឹបកម្សាន្ត ជាប់កាស៊ីណូជិនប៉ី ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោកវរសេនីយ៍ទោ លី សុខហ៊ី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាៈ ក្រោយពេលទទួល ព័ត៌មាន តាមទូរស័ព្ទ កម្លាំងនគរបាលព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេតរុករកមុខសញ្ញាជាបន្ទាន់ លុះដល់វេលាម៉ោង១៩:៥០នាទី បានរកឃើញជនសង្ស័យម្នាក់ កំពុងដោះស្លាកលេខម៉ូតូ នៅមុខកាស៊ីណូឡាយអ៊ិន សមត្ថកិច្ចបានចាប់ខ្លួន នៅទីនោះតែម្តង។
ព្រមទាំងចាប់យកបាន វត្ថុតាងរួមមាន ៖ ម៉ូតូគ្រឿងម៉ាកស្កុបពីស៊េរីឆ្នាំ២០១៨ ពណ៌ស 1HD-1492 (ជាវត្ថុតាងនៃអំពើលួច )
សោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូ ២ដើម, សោលេខ៨ មួយដើម, សោអូរ១ដើម និង ក្បាលសោលេខ៨ ចំនួន១ ។
ជនសង្ស័យមានឈ្មោះ នុត ប៊ុនថន ហៅ ខ្មៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ)ជាមុខសញាសកម្មលួចឆក់ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ លីសុខហ៊ី បានបញ្ជាក់ថា៖ បន្ទាប់ពីសាកសួរ សមត្ថកិច្ចបាននាំខ្លួនឈ្មោះនុត ប៊ុនថន ទៅយកម៉ូតូមួយគ្រឿងទៀត ដែលវាជិះធ្វើសកម្មភាព ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន 2117917 ដែលជនសង្ស័យបានជិះ យកមកទុកនៅផ្លូវកែងសាលាកម្មករ សង្កាត់លេខ៤ មុននឹងវាចូលទៅលួចយកម៉ូតូ របស់គេ។
ករណីនេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ