ភ្នំពេញ ៖ មន្ត្រីយោធាសក្ដិ៤កន្លះមួយរូប ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោងរំលង អធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសង្ស័យរូបលោកស្រវឹងស្រា ហើយបើករថយន្តបុកបង្គោលភ្លើងនឹងបង្គោល ស្លាកសញ្ញាបណ្ដាល ឲ្យរថយន្តក្រឡាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Lexus LX450 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2D-1359 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កខាងលើរេចង្កូតទៅឆ្វេងឡើងឃឿនជ្រុលទៅបុកបង្គោលភ្លើងនឹងបង្គោលស្លាកសញ្ញាបណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះដែរអ្នកដែលបានឃើញហេតុការណ៍បាននាំគ្នាមួយជួយវាយកញ្ចក់រថយន្តដើម្បីយកអ្នកបើកបរទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ