ខេត្តស្ទឹងត្រែង៖ អគ្គិភ័យមួយបានកើតឡើងបំផ្លាញផ្ទះឈើមួយខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃចន្ទ ១០ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្រ្តីនគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា អគ្គិភ័យនេះបានបំផញលាញផ្ទះឈើ១ខ្នងទំហំ១៤ម៉ែត្រ x១៥ .៥០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីបាំងក្ដារ ក្រាលក្ដារសង់ខ្ពស់ ដែលមានម្ចាស់ផ្ទះឈ្មោះ កែវ ប៉ាប៉ាន់ ភេទប្រុស និងប្រពន្ធឈ្មោះ ម៉ៅ សុខន រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុមានអគ្គិភ័យនេះកើតឡើងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងពន្លត់អគ្គិភ័យក្រុង ស្ទឹងត្រែង បានយករថយន្តពន្លត់អគ្គិភ័យចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលទើបមិនឆេះរាលដាលដល់ផ្ទះជិតខាង។ យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង បាញ់ទឹកអស់ចំនួន១២រថយន្ត ស្មើនឹង៤៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅម៉ោង៨យប់ថ្ងៃដដែល គ្រាដែលគេដឹងថា អគ្គិភ័យនេះបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈម្ចាស់ផ្ទះអស់រាប់ម៉ឺនដុល្លារ ៕ ជីវ័ន្ត