ក្រៅតែពីអាចពន្យារអាយុបានសម្រេចដោយជោគជ័យ លោកស្វាយ សំអាត ក្នុងនាមប្រធានផ្នែករដ្ឋបាលជលផលក្រគរ និងកណ្តៀងស្តីទីត្រូវបានគេអះអាងថា ជាអ្នកដែលមានឥទ្ធិពល និងទទួលបានយកការយកចិត្តទុកដាក់ខ្លាំង ពីប្រធានមន្ទីរកសិកម្មខេត្ត និងថ្នាក់ដឹកនាំខេត្ត ។ បានជាគេថាយ៉ាងដូច្នេះ ពីព្រោះលោក បានឃុបឃិតជាមួយអ្នកនេសាទល្មើសច្បាប់ប្រើឧបករណ៍នេសាទល្មើសច្បាប់ដោយសេរី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្រុមមន្ត្រីដែលចុះទៅត្រួតពិនិត្យបទល្មើសនេសាទកាលពីប៉ុន្មានថ្ងៃមុននោះ រកមិនឃើញ បទល្មើសនោះទេ ។
លោកស្វាយ សំអាត ត្រូវបានក្រុមមន្ត្រីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់អះអាងថា ជាអ្នកដែលមានឥទ្ធិពលនិងអំណាចខ្លាំង ។ យ៉ាងហោចណាស់លោកបានពន្យារអាយុ២ដងរួចមកហើយ ប្រកបដោយជោគជ័យ ។ ជាងនេះទៅទៀត នៅក្នុងការងាររបស់ខ្លួនលោកបានប្រព្រឹត្តល្មើសជាច្រើន ប៉ុន្តែថ្នាក់ដឹកនាំមន្ទីរកសិកម្ម ក៏ដូចជាអាជ្ញាធរខេត្ត នៅតែធ្វើមិនដឹងមិនឮចំពោះបទល្មើសទាំងនោះ ។ ថ្មីៗនេះ អាជ្ញាធរខេត្តបានដាក់កម្លាំងចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ។ នៅក្នុងដែនសមត្ថកិច្ចលោកស្វាយ សំអាត សមត្ថកិច្ចរកមិនឃើញបទល្មើសនេសាទនោះទេ ។ ប្រភពនិយាយថា ក្រុមសមត្ថកិច្ចទាំងនោះ គ្រាន់តែចុះទៅកម្សាន្តនៅតំបន់បឹងទន្លេសាបតែប៉ុណ្ណោះ ។ ក្រៅតែពីធ្វើមិនដឹងមិនឮ លោកស្វាយ សំអាត ក៏បានប្រាប់ពួកអ្នកនេសាទល្មើសច្បាប់ឲ្យពន្លិចឧបករណ៍នេសាទចូលបាតបឹង ។
ប្រការទាំងនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាលជលផល គួរពិនិត្យករណីលោកស្វាយ សំអាត តាមខ្សែបណ្តោយរបស់ខ្លួនឡើងវិញ ពីព្រោះបើរំពឹងទៅលើថ្នាក់ដឹកនាំនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ គឺមិនអាចចាត់ការលោកស្វាយ សំអាតបាននោះទេ ។ បទល្មើសនេសាទត្រូវគេអះអាងថា នៅតែបន្តកើតមានព្រោងព្រាតនៅក្នុងភូមិសាស្ត្រស្រុកកណ្តៀង និងស្រុកក្រគរ ក្រោមការបើកដៃពីសំណាក់លោកស្វាយ សំអាត ។ ការដែលលោកស្វាយ សំអាត នៅក្រាញតំណែងមិនព្រមចូលនិវត្តន៍នោះ ព្រោះតែផលប្រយោជន៍ច្រើនគគោកហើយការដែលថ្នាក់ដឹកនាំនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ចេះតែបន្តអាយុឲ្យលោកស្វាយ សំអាតនៅធ្វើការនោះ ព្រោះតែលោកស្វាយ សំអាត ក៏ជាប្រភពហិរញ្ញវត្ថុរបស់ថ្នាក់ដឹកនាំ ជាពិសេសជាប្រភពហិរញ្ញវត្ថុរបស់លោក ភុំ វិមល ប្រធានមន្ទីរកសិកម្មនោះតែម្តង ៕