ភ្នំពេញៈ រថយន្តចំនួន៣គ្រឿង បានបុកបន្តកន្ទុយគ្នា នៅលើផ្លូវអក្សរ T បណ្តាលឲ្យរងការខូចខាត រៀងៗខ្លួន តែរថយន្តដែលខូចខាតធ្ងន់ធ្ងរជាងគេ គឺរថយន្តនៅចំកណ្តាលគេ ។ ករណីនេះបង្កភ្ញាក់ផ្អើរកាលពីម៉ោង១២និង៤៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវអក្សរT ២០១១ កែងផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពបានឲ្យដឹងថា នៅមុនកើតហេតុ ឃើញស្ត្រីម្នាក់បានបើករថយន្ត COROLLA ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7966 មកពីទិសខាងជើងទៅត្បូង លើផ្លូវលេខ២០១១ ខណៈមកដល់ចំណុចកើតហេតុ បានព្យាយាមបត់ឆ្វេង ពេលនោះ មានរថយន្តប្រភេទដឹក ទំនិញ មានឃ្លុបជិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1295 បានបើកលើផ្លូវបេតុង ពីកើតទៅលិចបានប្រើភ្លើងសញ្ញាសុំផ្លូវទៅមុន អ្នកបើករថយន្ត COROLLA ក៏បានជាន់ហ្វ្រាំងបង្អង់ឈប់ ដើម្បីឲ្យរថយន្តដឹកទំនិញទៅមុន ។
ប្រភពបានបន្តថា បន្ទាប់ពីរថយន្ត COROLLA បង្អង់ឈប់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក់ ហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9917 បើកមកពីក្រោយរថយន្ត COROLLA ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយរថយន្ត COROLLA រុញផ្ទប់ទៅបុកជាប់ជាមួយរថយន្ត ប្រភេទដឹកទំនិញ មានឃ្លុបជិត បណ្តាលឲ្យរងការខូចខាតរថយន្តរៀងៗខ្លួន តែក្នុងហេតុការណ៍ខាងលើនេះ មិនមានអ្នករងរបួសឡើយ ។
ក្រោយហេតុការណ៍កើតឡើង ឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកវាស់វែង និងបានយករថយន្តទាំង៣គ្រឿង មកអែបខាងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងឲ្យតំណាងភាគីរថយន្តទាំង៣គ្រឿងមកចរចាដោះស្រាយគ្នា ៕