ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងធ្លាក់ភ្នែកបើករថយន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់១ដើម ជាប់កល់លើឃឿនទ្រូងផ្លូវ​ តែសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តទៅវិញ!

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្ដ ISUZU មួយគ្រឿង​ បើកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងស្រា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម រួចជាប់កល់លើឃឿនបើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ តែសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តទៅវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តនិរោធរង្សីុ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្ដមួយគ្រឿងម៉ាក ISUZU ពាក់ស្លាកលេខ ភ្នំពេញ​ 2AT-7116 ដែលបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចមុខវត្តនិរោធរង្សីុ មិនដឹងយ៉ាងម៉េចក៏រេចង្កូតបើកឡើងទៅលើឃឿនកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម និងកល់ជាប់កង់ទាំង៤ ទើបបើកទៅមុខលែងរួច និង​រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងខ្ទេចយ៉ាងដំណំ រីឯបង្គោលភ្លើងបាក់អស់១ដើម ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ។

បន្តិចក្រោយមក​ក្រុមអ្នកយកព័ត៌មាន​បានចុះទៅដល់ដែរ​ រួចបានធ្វើការសាកសួរ តែសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តនោះទេ​ ថែមទាំងព្យាយាមលាក់បាំងថា​ មិនមែនជាអ្នកបើកបររថយន្តបង្កនោះទៀត​ នេះហាក់បីជាមានអ្វីបាំងមុខសមត្ដកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធដល់ហើយ​ បានជាអ្នកស្រវឹងហើយបើកបរ​ សមត្ថកិច្ចមិនឃាត់ខ្លួន​ ហើយព្យាយាមលាក់បាំងថែមទៀតនោះ បែបនេះទុកឲ្យមហាជន​ជាអ្នក​ពិចារណា​តាមការគួរទៅចុះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានមិនបានឃាត់អ្នកបើកបររថយន្តបង្កនោះទេ បែរជាបណ្ដោយឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក ប្រមូលសំភារៈយកទៅដាក់​រថយន្តមួយគ្រឿងទៀត​រួច​ជម្លៀស​ចេញ​ពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកទើបឃើញមានសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ​ ហៅរថយន្តមកស្ទូចយករថយន្ដបង្កហេតុនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖