ភ្នំពេញ៖ ព្រោះតែការមិនចេះយោគយល់គ្នា បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ខណៈដែលបុរស២នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយក៏វ៉ាក់អើប៉ះគ្នាបន្តិចជាមួយម៉ូតូឡាំប្រឺតា(ឥណ្ឌា) ប៉ុន្តែភាគីខាងម៉ូតូឡាំប្រឺតា បានសុំទោសភាគីខាងម៉ូតូ ជាសាធារណៈម្តងហើយម្តងទៀត តែភាគីខាងម៉ូតូមិនព្រមទើបឈ្លោះប្រកែកគ្នាតែម្តង ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅទល់មុខមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់វ័យជាង៥០ឆ្នាំ ជាអ្នករត់ម៉ូតូឡាំប្រឺតា(ឥណ្ឌា) ពណ៌លឿង ធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុ ក៏បានបត់ឆ្វេងត្រលប់ក្រោយយ៉ាងប្រញ៉ាប់ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរស២នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាល ស្លាកពាក់ស៊ីវិល និងមានវិទ្យុទាក់ទង បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1FH-8884 ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងល្បឿនលឿន ក៏វ៉ាក់អើប៉ះជាមួយនិងម៉ូតូឡាំប្រឺតាបន្តិច ដែលកំពុងបត់ត្រលប់ក្រោយ ។ ភ្លាមនោះភាគីខាងម៉ូតូឡាំប្រឺតាឥណ្ឌាក៏បានសុំទោសម្តងហើយ ប៉ុន្តែខាងបុរសជាមន្ត្រីនគរបាល២នាក់នោះមិនអស់ចិត្ត ក៏បានឲ្យបុរសជាអ្នករត់ម៉ូតូសុំទោសម្តងទៀត តែខាងម៉ូតូឡាំប្រឺតាមិនព្រម ដោយសារតែរូបគាត់ថា គាត់បានសុំទោសម្តងរួចហើយ ទើបបង្កជាទំនាស់ទាស់ពាក្យសម្តីផ្អើលដល់សមត្ថកិច្ច២ខណ្ឌចុះទៅជួយសម្របសម្រួល ។
ក្រោយកើតហេតុ ដោយសារអ្នករត់ម៉ូតូឡាំប្រឺតា(ឥណ្ឌា) មិនចង់មានរឿងវែងឆ្ងាយក៏ព្រមសុំទោសម្តងទៀត ដើម្បីបញ្ចប់រឿងតែម្តង ៕ ស រស្មី