ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ មានសតិមិនប្រក្រតី មិនដឹងចូលទៅសម្ងំក្នុងលូ តាមច្រកណាអស់ជាច្រើនថ្ងៃ ផ្អើលពលរដ្ឋជួយគាស់យកចេញ

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានសំឡេងមនុស្សស្រែកឲ្យគេឯងជួយចេញពីក្នុងលូ ភ្លាមនោះអ្នកធ្វើដំណើរនាំគ្នាអោនមើល ស្រាប់តែឃើញបុរសម្នាក់ជាក់នៅក្នុងលូ មិនដឹងថាគាត់ចូលតាមច្រកណាបានជាជាប់បែបនេះ រួចប្រជាពលរដ្ឋនាំគ្នាគាស់កម្របលូយកចេញមកក្រៅនិងសួរនាំ ទើបដឹងថាគាត់ជាមនុស្សមានសតិមិនប្រក្រតី ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ជាប់របងផ្ទះលោកឧកញ្ញា ថៃ ប៊ុនរ៉ុង ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូឆ្លងកាត់ទីនោះ ស្រាប់តែឮសំឡេងមនុស្សស្រែកឲ្យជួយចេញពីក្នុងលូ និងបានលើដៃបក់ខ្វៃៗ ភ្លាមនោះពួកគាត់ក៏បានឈប់ម៉ូតូ រួចក៏អោនមើលស្រាប់តែឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងសម្ងំនៅក្នុងលូ មិនដឹងតាំងពីពេលណានោះទេ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាគាស់គម្របលូ ដើម្បីបើកឲ្យបុរសរូបនោះចេញមកក្រៅ ។

ក្រោយពីបានយកបុរសរូបនោះចេញពីក្នុងលូមកក្រៅហើយ បុរសរូបនោះ ហាក់បីដូចនិយាយវង្វេងវង្វាន់ថា រូបគេបានចូលទៅក្នុងលូ អស់រយៈពេល១០ថ្ងៃមកហើយ ហើយរាល់ពេលឃ្លាន គឺគាត់ផឹកតែទឹកលូធ្វើជាអាហារ ទើបដឹងថាគាត់ជាមនុស្សមានសតិមិនប្រក្រតី ។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅខាងមន្ទីរសង្គមកិច្ច មកទទួលយកបុរសសតិមិនប្រក្រតីនោះ ទៅសាកសួរនិងស្នាក់នៅបណ្ដោះអាសន្ន ៕ស រស្មី


ចែករំលែក៖