ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋស្រុកស្វាយជ្រំ កំពុងមានការព្រួយបារម្ភ យ៉ាងខ្លាំង ខណៈផ្លូវរងការខូចខាតបាក់ស្រុត ដោយសារមានរថយន្តធុនធំ ជាច្រើនគ្រឿង ដឹកអេតចាយនៅតែបន្តធ្វើចរាចរ ឆ្លងកាត់ពីផ្លូវជាតិលេខ១ មិនខ្លាចរអារសមត្ថកិច្ច ដែលពាក់ពន្ធ័ ។
យោងតាមប្រជាពលរដ្ឋ ដែលរស់ក្នុងភូមិតានូបានឲ្យដឹងថារថយន្តដឹកអេតចាយនេះគឺបានឆ្លង កាត់តាមឃុំចំនួន៣មាន ឃុំតាសួស, ឃុំក្រួស និងឃុំចំបក់ឆ្ពោះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឆ្ពោះទៅច្រករបៀងព្រំដែនតានូ ដោយបង្កឲ្យខូចខាតផ្លូវពិបាក ធ្វើដំណើរដោយមានជង្ហុគ ក្រហីងក្រហូងជិះស្ទើរឲ្យបាក់ចង្កេះបន្ទាប់ពីផ្លូវមួយនេះ ទើបតែជួសជុលមិន ទាន់រួចរាល់នៅឡើយ។
ប្រជាពលរដ្ឋបានដឹងទៀតថា ផ្លូវក្រួសក្រហមនេះមានប្រវែង១៧គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ១ ឆ្ពោះទៅច្រករបៀងព្រំដែនតានូ ។
គួរបញ្ជាក់ថា កន្លងមកក្រុមឈ្មួញ បានប្រើប្រាស់រថយន្តធុនធំដឹកអេតចាយ ចាប់ពី៣០តោនទៅ៥០តោន បានបំផ្លាញផ្លូវក្រាលក្រួសក្រហម ចំនួន២ខ្សែប្រវែង១៧គីឡូម៉ែត្រ ក្លាយជារណ្តៅថ្លុកក្របី ពិបាកធ្វើដំណើរយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋ បានសុំឲ្យអ្នកសាព័ត៌មាន ចុះផ្សាយដឹងដំណឹង ដល់លោកអភិបាលខេត្តស្វាយរៀង លោកអភិបាល ខេត្តស្វាយរៀង បានដាក់បញ្ជាឲ្យសមត្ថកិច្ច ចុះបង្ក្រាប និងបានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បើកការជួសជុល ផ្លូវឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរបានស្រួល។
ក៏ប៉ុន្តែការជួសជុលរបស់អាជ្ញាធរ មិនទាន់បានរួចរាល់ផង ក្រុមឈ្មួញបានឃុបឃិត ជាមួយសមត្ថកិច្ចនគបាលវរៈការពារព្រំដែន ឈរជើងនៅច្រករបៀងតានូ និងមន្ត្រីខិលខូចមួយចំនួន បើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តធុនធំ ដឹកអេតចាយបំផ្លាញផ្លូវបន្តទៀត ៕ យឹម សុថាន