ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុន​ប្រេង​តេលា មានបញ្ហាជាងគេ

ចែករំលែក៖

តាមការកត់សម្គាល់របស់ខ្ញុំបាទ សង្កេតឃើញថា អ្វីដែល​អគ្គនាយកដ្ឋានកាំកុងត្រូល​រកឃើញ​ក្រុមហ៊ុនប្រេង​ដែល​រកស៊ី​ខ្វះសុច្ចរិតភាពច្រើនជាងគេនោះ គឺក្រុមហ៊ុនប្រេងឥន្ធនៈតេលា ។ ជារឿយៗ នៅពេលដែល​ខាងកាំកុងត្រូល​ចុះពិនិត្យ​តាមស្ថានីយលក់ប្រេងនានានោះ គេរកឃើញស្ថានីយប្រេងតេលាភាគច្រើនជាងគេដែលលក់ប្រេងមិនគ្រប់ចំណុះ និងមានលាយឡំដោយការបន្លំគុណភាព ។ គេមិនដឹងថា វាជាគោលការណ៍របស់ក្រុមហ៊ុនកម្ពុជាតេលា ឬក៏​ម្ចាស់ស្ថានីយប្រេងទាំងនោះ​មានគំនិតទុច្ចរឹតដោយខ្លួនឯង ។ ប៉ុន្តែថា បើវាជាគំនិតទុច្ចរឹត​របស់ម្ចាស់ស្ថានីយ វាក៏គួរតែមានការរកឃើញស្ថានីយ​ប្រេងខ្លះ ដែលមិនមែនជាប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលានោះផង ។ ​

យ៉ាងដូច្នេះវាគ្រាន់តែជាការកត់សម្គាល់ប៉ុណ្ណោះ ពីព្រោះក្រុមហ៊ុនផ្សេងៗទៀត ហាក់ដូចជាមិនឃើញ មានកំហុសឆ្គងញឹកញាប់​ទាំងការ​លួចបន្លំគុណភាព និងលួច​បន្លំចំណុះនោះទេ ។ មិនថានៅរាជធានីភ្នំពេញ ឬនៅតាមផ្លូវជាតិបណ្តាខេត្តនោះទេ សមត្ថកិច្ចកាំកុងត្រូល រកឃើញស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនកម្ពុជាតេលា ភាគច្រើនជាងគេដែលលក់ប្រេងមិនគ្រប់ចំណុះ និងឆ្លៀតបន្លំគុណភាព ។ ប្រសិនជាការកត់សម្គាល់របស់ខ្ញុំបាទមិនខុសឆ្គងទេនោះ វាគួរតែថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម​ ហៅ​ថៅកែក្រុមហ៊ុន​កម្ពុជាតេលា ប្រាប់គាត់ម្តងទៅ ។ ពីព្រោះប្រជាពលរដ្ឋ​មិនប្រាថ្នាចង់ឃើញ ឬចង់បាន​ប្រេង​ដែលបន្លំគុណភាព ឬលួចចំណុះនោះទេ ។ អតិថិជនជាច្រើន អាចនឹងត្រូវបាត់បង់ទំនុកចិត្តជាបន្តបន្ទាប់ទៅលើ​ស្ថានីយប្រេង របស់ក្រុមហ៊ុនកម្ពុជាតេលា ។

សមត្ថកិច្ចកាំកុងត្រូលនៅតែបន្ត​ចុះប្រតិបត្តិការ​នៅតាមស្ថានីយប្រេង មិនថាតែ​ក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ ដើម្បីឲ្យដឹងថា តើពួកគេប្រកបរបររកស៊ីដោយសុច្ចរឹតឬទេ ។ ប៉ុន្តែបើតាមយោបល់ខ្ញុំបាទ អ្វីដែលត្រូវចាត់វិធានការក្តៅជាងនេះទៀតនោះ ប្រសិនជាស្ថានីយប្រេងណានៅតែបន្ត​លក់ប្រេងមិនគ្រប់ចំណុះ និងបន្លំគុណភាពនោះ ត្រូវ​ចាត់វិធានការតាមច្បាប់ ។ មានន័យថា ត្រូវកសាងសំណុំរឿង​បញ្ជូនទៅតុលាការជាចំាបាច់ ។ មិនតែប៉ុណ្ណោះ វិធានការនេះ ត្រូវធ្វើឲ្យបានជាប្រចាំ ពីព្រោះ​ឈ្មួញអ្នករកស៊ីទុច្ចរឹត នៅតែចិញ្ចឹមចិត្ត​ក្នុងការរកស៊ីបន្លំនោះជាដរាប គ្រាដែលសមត្ថកិច្ចភ្លេចខ្លួន ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖