ភ្នំពេញ ៖ រយៈពេល៥ឆ្នាំកន្លងមកនេះ ខណ្ឌព្រែកព្នៅបានអភិវឌ្ឍន៍ជាច្រើននូវហេដ្ឋារាចនាសម្ព័ន្ធផ្សេងៗដែលកន្លងមកឆ្លងកាត់ទៅតាមបណ្តាសង្កាត់មួយចំនួន ហាក់ដូចជាឆ្ងាយហើយប្រើពេលវេលាយូរ តែមកដល់បច្ចប្បន្ននេះប្រជាពលរដ្ឋមានផ្លូវ បេតុងខ្វាត់ខ្វែង សង្កាត់ដែលកន្លងមកខ្វះទឹក ឥឡូវមានស្រះនិងអណ្តូងទឹកជាច្រើនសម្រាប់តម្រូវការនារដូវប្រាំងហើយនៅជិតផ្ទះប្រជាពលរដ្ឋទៀតផង ។
បច្ចប្បន្នប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលមានជីវភាពធូរធាមិនដូចកាលពី៥ឆ្នាំមុននោះទេ ទាំងនេះគឺជាការលើកឡើងរបស់លោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ ។
លោកម៉ៅ បូរ៉ា បញ្ជាក់ថា ខណ្ឌព្រែកព្នៅកំពុងតែមានសន្ទុះលឿនក្នុងការអភិវឌ្ឍ ជាក់ស្តែងសង្កាត់ខ្លះជាង៥ឆ្នាំមុនដីមានតម្លៃថោក ដោយប្រជាពលរដ្ឋធ្វើស្រែចំការ តែមកដល់បច្ចប្បន្ន ដីស្រែទាំងនោះគេធ្វើរោងចក្រ បុរី និងផ្ទះល្វែង ប្រជាពលរដ្ឋដែលធ្វើស្រែកន្លងមកបានប្តូរការងារថ្មី និងមានជីវភាពធូធាជាងមុនច្រើនណាស់ ។
លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៥ ត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព បើទោះជាខណ្ឌព្រែកព្នៅមិនសូវមាន ចោរកម្មផ្សេងៗមែន តែយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀតកុំលែងដៃឲ្យសោះ ថ្ងៃនេះយើងធ្វើល្អហើយ ថ្ងៃស្អែកត្រូវខិតខំឲ្យល្អខ្លាំងជាងនេះបន្ថែមទៀត ។
ជាចុងក្រោយលោកស្រីក៍បានលើកទិសដៅ និងវិធានការ ដល់អង្គប្រជុំ ត្រូវខិតខំ យកចិត្តទុកដាក់ រួមគិត រួមពិនិត្យ រូមធ្វើឲ្យល្អលើគ្រប់វិស័យក្នុងខណ្ឌរបស់យើងដើម្បីអនុវត្តតាមគោលនយោបាយចតុកោណដំណាក់កាលទី២ និងទី៣របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃនេះ បាននឹងកំពុងដឹកនាំនាវាកម្ពុជាលើមាគាអភិវឌ្ឍន៍រីក ចំរើនលើគ្រប់វិស័យនោះ ។
គួរបញ្ជាក់ថា របៀបវារក្នុងកិច្ចប្រជុំនេះរួមមាន ១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ។ ២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងសេចក្តីព្រាងរបាយកាណ៍ប្រាំឆ្នាំរបស់រដ្ឋបាលខណ្ឌ ៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ ប្រចាំខែកុម្ភៈ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ ៤-បញ្ហាផ្សេងៗ ៕ ធឿនព្រែកជ័យ