នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងការបរទេសប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍មួយថា បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌា២គ្រឿង ដែលហោះរំលោភចូលដែនអាកាសរបស់ខ្លួន ។ យន្តហោះចម្បាំងនេះបាញ់ធ្លាក់នៅក្នុងដែនដីដែលកំពុងមានជម្លោះ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ។
អាកាសយានិកម្នាក់ត្រូវប៉ាគីស្ថានចាប់ខ្លួនផងដែរ ។ ប៉ាគីស្ថានបញ្ជាក់ថា «យើងមិនមានបំណងបង្កភាពតានតឹងនោះទេ ប៉ុន្តែយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ប្រសិនជាគេបង្ខំយើងឲ្យទៅរកវិធីនោះ» ។
នៅពេលនោះដែរ កម្លាំងទាហានអាកាសឥណ្ឌាក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថាន១គ្រឿងប្រភេទ F-16 ជាការសងសឹក ។
ការបាញ់ប្រហារគ្នាទៅវិញទៅមក នៅតំបន់ព្រំដែន កាស្មៀរ ជាប់ឥណ្ឌា និងប៉ាគីស្ថានបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមប្រដាប់អាវុធទ្រង់ទ្រាយធំកើតឡើង ។
ហេតុការណ៍បះទង្គិចគ្នាកើតចេញពីក្រុមឧទ្ទាមវាយប្រហារទៅលើក្បួនរថយន្តដឹកទាហានឥណ្ឌាបណ្តាលឲ្យទាហានជាង៤០នាក់ស្លាប់ ។ ឥណ្ឌាក៏បានចោទប្រកាន់ថា ក្រុមភេរវកម្មដែលវាយប្រហារនោះលាក់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន ៕