ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាព ការងារគ្រប់ផ្នែក ជាពិសេសបញ្ហាបរិស្ថាន អនាម័យ ការងាររៀបចំសណ្តាប់ ធ្នាប់ ការងារសន្តិសុខសង្គម នៅក្នុងរដ្ឋបាលខណ្ឌ ជាថ្មីម្តងទៀត
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានប្រាប់មន្ត្រីទាំងអស់ត្រូវរួមគ្នាពង្រឹងការងារអោយបានប្រសើរឡើងថែមទៀត កុំចាំតែអង្គុយបក់ផ្សែង ត្រូវពន្លត់ភ្លើងនោះចេញទៅ នោះបានទើបអស់រឿង។
ថ្លែងក្នុងន័យដាស់តឿនក្រើនរំលឹកជុំរុញអោយមន្ត្រីនៅគ្រប់ផ្នែក គ្រប់ការិយាល័យអនុវត្តការងារប្រកបដោយឆន្ទៈនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោក_លោកស្រី ចៅសង្កាត់ទាំង៨ មន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងាគ្រប់ការិយាល័យ ។
បន្ទាប់ពីស្តាប់ការលើកឡើងរបស់ក្រុមប្រឹក្សាខណ្ឌពីភាពឆកល្វែងក្នុងការអនុវត្តការកន្លងមក លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានណែនាំអោយមន្ត្រីគ្រប់ការិយាល័យជាពិសេសមន្រ្តីមូលដ្ឋានសង្កាត់ ភូមិ ត្រូវយកចិត្តទុកដាក់លើការងារផ្នែកអនាម័យបរិស្ថាននៅតាមច្រាំងទន្លេ និងនៅចន្លោះស្ពានព្រះមុនីវង្ស ។
បច្ចុប្បន្នបញ្ហាសំរាមនៅច្រាំងទន្លេ គឺមានពាក់ព័ន្ធសង្កាត់ចំនួន២ គឺសង្កាត់ច្បារអំពៅទី១ និង សង្កាត់ច្បារអំពៅទី២ ។ គេតែងតែសង្កេតឃើញមានពលរដ្ឋមួយចំនួនយកសំរ៉ាមមកចាក់ចោលនៅតាមច្រាំងទន្ល និង នៅចន្លោះគល់ស្ពានព្រះមុនី វង្ស។
លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ មន្រ្តីសង្កាត់ទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសសង្កាត់ច្បារអំពៅទី១ និង សង្កាត់ច្បារអំពៅទី២ ត្រូវតែចាត់តាំងអោយមន្រ្តីក្រោមឱវាទរបស់ខ្លួន អង្គុយឃ្លាំមើល អោយបានជាប់ជាប្រចាំ បើសិនជាឃើញជនណាម្នាក់យកសំរ៉ាមមកបោះចោលតាមច្រាំងទន្លេ និង នៅចន្លោះគល់ស្ពានព្រះមុនីវង្ស ត្រូវចាប់ផាកពិន័យទៅតាមច្បាប់បរិស្ថានដែលបានកំណត់។
ដល់ដំណាក់កាលនេះហើយ ឈប់យោគយល់ និង ធូររលង់ទៀតទៅ ព្រោះនេះវាជារឿងដដែលៗ ដែលយើងបានធ្វើជាច្រើនឆ្នាំកន្លងមក។ ម្យ៉ាងទៀត ច្បាប់ក៍បានចេញហើយ ដល់ពេលយើងត្រូវពន្លត់ភ្លើង ឈប់ចាំតែអង្គុយបក់ផ្សែងទៀតទៅ។
នៅក្នុងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការគ្រប់គ្រងសំរ៉ាម សំណល់រឹង នៅរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ , ក្នុងចំណុចទី៧ យន្តការសំរាប់អនុវត្តវិធានការពិន័យអន្តរកាណ៍ ក្នុងករណីមិនអនុវត្តតាមការណែនាំឬក៍ប្រព្រឹត្តល្មើស នឹងចំណុចណាមួយម្ចាស់ទីតាំង និង ក្រុមហ៊ុនផ្តល់សេវាកម្មទាំងអស់នៅក្នុងចំនុច១,២,និង៣ នៃសេចក្តីណែនាំនេះ នឹងត្រូវទទួលការពិន័យអន្តរការណ៍ដូចខាងក្រោម៖ពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀល ដល់២លានរៀល ដូចមានចែងក្នុងមាត្រា៣៩,៤៩ នៃអនុក្រឹត្យលេខ ១១៣ អនក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងសំរ៉ាមសំណល់រឹងទីប្រជុំជន។ ពិន័យពី១លានរៀល ដល់៥០លានរៀល ឡើងទៅនឹងត្រូវបិទអាជីវកម្ម ឬ ផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្ន ក្នុងករណីធ្ងន់ធ្ងរ ដែលមន្រ្តីជំនាញពិនិត្យឃើញថាមានការបង្កផលប៉ះពាល់ដល់បរិស្ថាន និង សង្គម ដូចមានចែងក្នុងមាត្រា ២០,២២ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន៕ សណ្តោស