ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសថ្ងៃនេះគឺមានការជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីរួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងសិល្បករ សិល្បការិនី ដែលមានចំនួនប្រមាណ ៤ពាន់នាក់ ។

មុននឹងថ្លែងសុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញឲ្យបងប្អូនជនរួមជាតិក្រោកឈរដើម្បីគោរពវិញ្ញាណក្ខន្ធ លោកតាព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន និងលោកតា ផ្លុង មឿក ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅ ដែល សម្តេចតេជោ បានចាត់ទុកថាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់នៃវិស័យសិល្បៈវប្បធម៌របស់ប្រទេសជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣ មីនា និងការជួបជុំសិល្បករមកពី គ្រប់មជ្ឈដ្ឋានទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិយើង ដើម្បីពិនិត្យតាមដាន អំពីវឌ្ឍនភាពនៃវិស័យវប្បធម៌ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់មតិណែនាំ និងអនុសាសន៍ចំនួន៧ចំនុច សំខាន់ៗដូចខាងក្រោម ៖

១)ត្រូវរួមគ្នារៀបចំឱ្យមាន ទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង និងស្រឡាញ់វប្បធម៌ជាតិ ការបណ្តុះមនសិការ ឆន្ទៈ និងស្មារតីទទួលខុសត្រូវក្នុងការផ្ទេរ និងទទួលយកចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាពហុវប្បធម៌នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃ សុខដុមនីយកម្មរបស់សង្គមជាតិ ឱ្យស្ថិតស្ថេរគង់វង្ស ។

២)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំសកម្មភាព និងរំលេចនូវខ្លឹមសារ ប្លែកៗ ប្រកបដោយអត្ថន័យ ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ។

៣)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការអោយបានជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីផ្តល់ចំណេះដឹងស្តីពីសិល្បៈវប្បធម៌ក្នុងស្រទាប់យុវជនដែលជាកម្លាំងសកម្មរបស់សង្គម និងជាអ្នកបន្តវេន ដើម្បីចងក្រងរក្សាទុកនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌ជាតិគ្រប់ប្រភេទ ទាំងរូបី និងអរូបី ដើម្បីអភិរក្ស អភិវឌ្ឍ និងលើកស្ទួយពហុវប្បធម៌ក្នុងសង្គមកម្ពុជា។ ត្រូវសហការជាមួយអង្គការមហាជន សមាគមសិល្បៈនានា រៀបចំព្រឹត្តិការណ៍វប្បធម៌ឱ្យបានច្រើន ដោយមានការចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ យុវជននិង កុមារ ដោយមានការសម្តែងសិល្បៈក្នុងន័យអប់រំ ដើម្បីនិន្តរភាពនៃវប្បធម៌ និងការអប់រំ ។

៤)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវមានយន្តការ ដើម្បីបង្កលក្ខណៈសម្បត្តិ ឱ្យកូនខ្មែរមានលទ្ធភាពឤចបង្កើតស្នាដៃ ដែលជាផលិតផលវប្បធម៌ថ្មីរបស់ខ្លួនតាមរយៈ វគ្គបណ្តុះបណ្តាល ដល់យុវជននៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងអង្គការ សមាគម សិល្បៈទូទៅ ដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីៗទាំងអស់ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ សេចក្តីថ្លៃថ្នូរ និងគុណធម៌របស់មនុស្ស ជៀសវាងការលួចចម្លងទាំងស្រុងនូវស្នាដៃសិល្បៈបរទេស ។

៥)សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ»ញ្រេះនេះជា ប្រធានបទដែលមានអត្ថន័យ សម្រាប់យុវជនកម្ពុជាគ្រប់រូបដែលជាអ្នកបន្តវេនត្រូវមានកាតព្វកិច្ចថែរក្សា ការពារ និងបង្កើតស្នាដៃថ្មីៗជាវិជ្ជមានបន្ថែមទៀត លើគ្រប់ផ្នែក គ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌។

៦)ត្រូវរួមគ្នាសហការ និងបង្កើនសាមគ្គីភាពក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ តាមរយៈ គោលនយោបាយជាតិ ស្ដីពីវីស័យវប្បធម៌ ដែលមានយុទ្ធសា្រស្តច្បាស់លាស់ គឺរដ្ឋជាអ្នកគ្រប់គ្រងគាំពារ ហើយដៃគូឯកជនជាអ្នកអនុវត្ត ។ ដូច្នេះ ក្រសួង ស្ថាប័នញក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន សូមចូលរួម ធ្វើសកម្មភាពបំផុស ស្មារតីទិវាវប្បធម៌នេះ ឱ្យកាន់តែផុសផុលទាំងក្នុងនិង ក្រៅប្រទេស ។

៧)កន្លងមក ដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការជំរុញ និងលើកស្ទួយ វិស័យភាពយន្តខ្មែរ ដែលប្រឈមនឹងការប្រកួតប្រជែងដ៏ស្រួចស្រាល់ទៅនឹងការហូរចូលនៃភាពយន្តបរទេស រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតសម្រួលផ្នែកពន្ធដារដល់សហគ្រាសផលិតភាពយន្តក្នុងស្រុករយៈពេល ៣ឆ្នាំ រហូតដល់ ឆ្នាំ ២០១៨ ។

ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យ សិល្បៈ និងការផលិតភាពយន្តខ្មែរ រាជរដ្ឋាភិបាលសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារសម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៣ ដូចខាងក្រោម ៖

១) អនុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក (១៥%) លើ សួយសារនៃទ្រព្យអរូបិយ (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក) ។

២) អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ ។

៣)អនុញ្ញាតព្យួរទុកការអនុវត្តឤករ ពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀកនៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប ។ សហគ្រាសផលិតភាពយន្ត និងសៀកត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារកត់ត្រា និងកាន់កាប់បញ្ជីការគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនឤជីវកម្មដទៃទៀត ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌ពន្ធនៅកម្ពុជា ។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារ ដែលក្រសួងវប្បធម៌និង វិចិ្រតសិល្បៈសម្រេចបាន ជាពិសេសមរតកមនុស្សរស់ សិល្បករ ចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជា មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃស្ថាប័នវប្បធម៌ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍន៍ សិល្បៈវប្បធម៌ខ្មែរ ឱ្យបានស្ថិតស្ថេរគង់វង្សនិងមានការរីកចម្រើនគួរជាទីមោទនៈ ។

ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត រួមជាមួយក្រុមសិល្បៈយុវជនទូទាំងប្រទេស មកពីបណ្តាគ្រឹះស្ថានមធ្យមសិក្សារាជធានី-ខេត្ត ទាំង២៥ សាកលវិទ្យាល័យទាំង ១១ និងអង្គការ សមាគមសិល្បៈ ទាំង១០ ដែលបានខិតខំប្រឹងប្រែង ក្នុងការតែងនិពន្ធ ដឹកនាំរឿង និងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនាពេលនេះ។

មុននឹងបិទកម្មវិធី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្រ្តីមានស្នាដៃមួយចំនួនដែលបានចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ជាតិកន្លងមក និងបានប្រគល់ពានរង្វាន់ដល់ក្មួយៗជ័យលាភីដែលមានស្នាដៃសិល្បៈឆ្នើមមកពីទូទាំងប្រទេស ព្រមទាំងជូនពរដល់មន្រ្តីក្រសួងវប្បធម៌ សាស្រ្តាចារ្យ វិរៈសិល្បករ សិល្បការនី មួយចំនួនទៀត និងអញ្ជើញពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕


ចែករំលែក៖