ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩
លោកឡុង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ។
ជនជាប់ចោទឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិអាមេរិកាំង កាន់លិខិតឆ្លងដែនលេខ 546245420 ។
គួរបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាយីហោ ស្រីនាង៨៧១ ស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរងនូវពាក្យបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះ ទើបសមត្តកិច្ចជំនាញបានបើកការសើបអង្កេត ស្រាវជ្រាវរហូតឈានដល់កិច្ចប្រតិបត្តិការបង្ក្រាបលើបទល្មើសទិញពេស្យាចារកុមារខ្មែរមួយនេះ ដោយបានរំដោះជនរងគ្រោះ៥នាក់ ក្នុងនោះមានកុមារី៣នាក់ នៅជាអនីតិជននៅឡើយ ។ បន្ទាប់មក ជនរងគ្រោះត្រូវបានបញ្ជូនទៅមជ្ឍមណ្ឌលអប់រំ បណ្តុះបណ្តាល នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ ចំណែកជនជាប់សង្ស័យ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
ក្រោយឃាត់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅតុលាការចាត់ការនីតិវិធី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយនៅចំពោះមុខតំណាងអយ្យការ លោកស៊ិន វិរៈ ជាព្រះរាជអាជ្ញារង ជនសង្ស័យមិនព្រមឆ្លើយនិងសំណួររបស់តុលាការនោះទេ ដោយទាមទារឲ្យមានមេធាវីជំនួយស្មារតីទើបព្រមឆ្លើយ ។ ក្នុងនោះក្រោយការសាកសួរចប់ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទរួមភេទជាមួអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្នតែម្តង ៕ស តារា