ខេត្តស្វាយរៀង៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ មានរៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាពក្មួយៗជានារី និងលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត នៅភូមិបឹងរ៉ៃខាងជើង ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១០៨ ទិវា សិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌរ័ និងការគាំទ្រសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ស្ថិតក្នុងភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
ក្នុងឱកាសនោះ លោក ភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំ បានសម្កែងការរីករាយសប្បាយចិត្ត ដែលបានរៀបចំប្រកួតកីឡាបាល់ទាត់ មិត្តភាពក្មួយៗ ជានារី និងលេងល្បែងប្រជាប្រិយរាំលេងកម្សាន្ត ដែលមានការគាំទ្រឧបត្ថមថវិកា ពីសំណាក់លោក សូសូចន្ទ័ ប្រធានក្រុមការងារចុះជួយឃុំ និងសហការី ព្រមទាំងរូបលោកផងដែរ ។
លោកបន្តថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វនារី ទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នា រវាងបុរស និងស្ត្រីនៅក្នុងសង្គម ។
សំខាន់ជាងនេះទៅទៀត ទិវានេះ ឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានដោយការចូលរួមរបស់ ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់ នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងដើម្បីរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី ។
លោកបន្តថា ខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ នៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្នុងគោលបំណងរំលេចឲ្យឃើញ កាន់តែច្បាស់ថែមទៀត ពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យមានចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ដែលជាដៃគូរ មិនអាចខ្វះបាន នៅក្នុងគ្រប់ដំណើរការ នៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍ សេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ៕ យឹម សុថាន