បញ្ហាល្បែងស៊ីសងដែលកំពុងកក្រើកនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ហើយថ្នាក់ដឹកនាំខេត្តជាពិសេសសមត្ថកិច្ចនគរបាលមិនចាត់វិធានការនោះ ត្រូវបានថៅកែវង់ល្បែងអះអាងថា បានរត់ការចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តរួចអស់ហើយ ។ ហេតុដូច្នេះហើយបានជាគេមិនឃើញកម្លាំងនគរបាលស្រុក ឬខេត្តចុះមកបង្ក្រាបវង់ល្បែងស៊ីសងច្រើនប្រភេទ និងសង្វៀនជល់មាន់នៅស្រុកអង្គរបុរី ខេត្តតាកែវនោះ ។ អ្នកលេងល្បែងស៊ីសងនៅក្នុងភូមិ ឃុំ ស្រុកអង្គរបុរី អះអាងអំពីសុវត្ថិភាពដែលគ្មាននរណាអាចទៅចាប់ពួកគាត់បាន ដូច្នេះ ទើបពួកគាត់សម្រុកទៅលេងនៅទីនោះ ។
ប្រភពបានរាយការណ៍ថា ថៅកែវង់ល្បែងចំណាយខ្ទង់ម៉ឺនដុល្លារជូនថ្នាក់ដឹកនាំខេត្តតាកែវ រួមទាំងស្នងការនគរបាលខេត្តផង ឲ្យធីបគោលនយោបាយភូមិឃុំមានសុវត្ថិភាពមួយអន្លើសិន ។ ហេតុដូច្នេះហើយ ទើបបានជាគ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាបវង់ល្បែងស៊ីសងនៅស្រុកអង្គរបុរីនោះសោះ ។ ក្រុមអ្នកញៀនល្បែងបង្ហាញជំនឿជាក់អំពីសុវត្ថិភាព នៃវង់ល្បែងស៊ីសង នៅក្នុងស្រុកអង្គរបុរីខេត្តតាកែវនោះ ។ អ្នកញៀនល្បែងខ្លះមកពីភ្នំពេញ និងខ្លះមកពីខេត្តកណ្តាលលេងល្បែងភ្នាល់មាន់សើចសប្បាយ ហ៊ោកញ្ជ្រៀវអឺងកង ក្រោមសេចក្តីភ័យខ្លាចអំពីសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ មិនតែប៉ុណ្ណោះ ពួកអ្នកលេងបានដើរស្រែកថា មានតែស្រុកអង្គរបុរីទេ ដែលមានសុវត្ថិភាពក្នុងបញ្ហាលេងល្បែងនេះ ។
លោកសុខ សំណាង ស្នងការនគរបាលខេត្តតាកែវត្រូវបានពួកអ្នកលេងល្បែងដកស្រង់សម្តីថៅកែវង់មកនិយាយថា បានផ្តាំផ្ញើឲ្យលោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរីជួយមើលវង់ល្បែងស៊ីសងនោះផង ។ លោក ភី ឆុន ក៏អនុវត្តតាមអនុសាសន៍ណែនាំរបស់លោកស្នងការ និងក៏ទទួលបានផលប្រយោជន៍មួយចំណែកពីថៅកែវង់ល្បែងនេះ ក៏បញ្ចេញកម្លាំងជួយការពារវង់ល្បែងស៊ីសងដ៏ធំមួយនៅក្នុងស្រុកអង្គរបុរីនេះទៅ ។ ដូច្នេះ បញ្ហាល្បែងស៊ីសងនៅស្រុកអង្គរបុរី ខេត្តតាកែវ គឺជាប្រព័ន្ធសង្វាក់តាំងពីថ្នាក់ស្រុក ដល់ថ្នាក់ខេត្ត ។ គេមិនដឹងថា តើលោកស្នងការបានទទួលលាភសក្ការដូចមេវង់ល្បែងអួតមែនដែរឬយ៉ាងណា? ប៉ុន្តែងយយល់ទេ បើលោកមិនបានប្រយោជន៍ ម្ល៉េះលោកចាត់កម្លាំងឲ្យបង្ក្រាបហើយ ៕