ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេវង់ល្បែងនៅស្រុកអង្គរបុរី​អះអាងថា រត់ការ​រហូតដល់ស្នងការហើយ

ចែករំលែក៖

បញ្ហាល្បែងស៊ីសង​ដែលកំពុងកក្រើក​នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ហើយថ្នាក់ដឹកនាំ​ខេត្ត​ជាពិសេស​សមត្ថកិច្ច​នគរបាល​មិនចាត់វិធានការនោះ​ ត្រូវបានថៅកែវង់ល្បែង​អះអាងថា បានរត់ការ​ចាប់ពីថ្នាក់ស្រុក​ដល់ថ្នាក់ខេត្តរួចអស់ហើយ ។ ហេតុដូច្នេះ​ហើយ​បានជាគេមិនឃើញកម្លាំងនគរបាលស្រុក ឬ​ខេត្ត​ចុះមកបង្ក្រាប​វង់ល្បែងស៊ីសង​ច្រើនប្រភេទ​ និង​សង្វៀនជល់មាន់នៅស្រុកអង្គរបុរី ខេត្តតាកែវ​នោះ ។ អ្នកលេងល្បែងស៊ីសងនៅក្នុងភូមិ ឃុំ ស្រុក​អង្គរបុរី អះអាងអំពីសុវត្ថិភាព​ដែលគ្មាននរណា​អាចទៅចាប់​ពួកគាត់​បាន ដូច្នេះ ទើប​ពួកគាត់សម្រុកទៅលេងនៅទីនោះ ។

ប្រភពបានរាយការណ៍ថា ថៅកែ​វង់ល្បែងចំណាយខ្ទង់ម៉ឺនដុល្លារជូនថ្នាក់ដឹកនាំខេត្តតាកែវ រួមទាំងស្នងការនគរបាលខេត្តផង ឲ្យធីបគោល​នយោបាយភូមិឃុំមានសុវត្ថិភាពមួយអន្លើសិន ។ ហេតុដូច្នេះហើយ ទើបបានជា​គ្មានសមត្ថកិច្ចណា​ចុះទៅបង្ក្រាប​វង់ល្បែងស៊ីសង​នៅស្រុកអង្គរបុរីនោះសោះ ។ ក្រុមអ្នកញៀនល្បែងបង្ហាញជំនឿជាក់អំពីសុវត្ថិភាព នៃវង់ល្បែងស៊ីសង នៅក្នុងស្រុកអង្គរបុរី​ខេត្តតាកែវនោះ ។ អ្នកញៀនល្បែងខ្លះ​មកពីភ្នំពេញ និងខ្លះមកពីខេត្តកណ្តាលលេងល្បែងភ្នាល់មាន់សើចសប្បាយ ហ៊ោកញ្ជ្រៀវអឺងកង ក្រោមសេចក្តីភ័យខ្លាចអំពីសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ មិនតែប៉ុណ្ណោះ ពួកអ្នកលេង​បាន​ដើរស្រែកថា មានតែស្រុកអង្គរបុរីទេ ដែលមានសុវត្ថិភាពក្នុងបញ្ហាលេងល្បែងនេះ ។

លោកសុខ សំណាង ស្នងការនគរបាលខេត្តតាកែវ​ត្រូវបានពួកអ្នកលេងល្បែងដកស្រង់សម្តីថៅកែវង់​មកនិយាយថា បានផ្តាំផ្ញើឲ្យលោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី​ជួយមើលវង់ល្បែង​ស៊ីសងនោះផង ។ លោក ភី ឆុន ក៏អនុវត្ត​តាមអនុសាសន៍ណែនាំ​របស់លោកស្នងការ និងក៏ទទួលបានផលប្រយោជន៍​មួយចំណែក​ពីថៅកែវង់ល្បែងនេះ ក៏បញ្ចេញកម្លាំងជួយការពារ​វង់ល្បែងស៊ីសង​ដ៏ធំ​មួយ​នៅក្នុងស្រុកអង្គរបុរីនេះទៅ ។ ដូច្នេះ បញ្ហាល្បែងស៊ីសង​នៅស្រុកអង្គរបុរី ខេត្តតាកែវ គឺជាប្រព័ន្ធសង្វាក់តាំងពីថ្នាក់ស្រុក ដល់ថ្នាក់ខេត្ត ។ គេមិនដឹងថា តើ​លោកស្នងការ​បានទទួលលាភសក្ការ​ដូច​មេវង់ល្បែង​អួតមែនដែរឬយ៉ាងណា? ប៉ុន្តែ​ងយយល់ទេ បើលោក​មិនបានប្រយោជន៍ ម្ល៉េះលោកចាត់កម្លាំងឲ្យបង្ក្រាបហើយ ៕


ចែករំលែក៖