ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ធំ​ឃុបឃិតជាមួយមន្ត្រី​ប្រព្រឹត្តបទល្មើស

ចែករំលែក៖

ប្រជាសហគមន៍​ការពារព្រៃឈើនៅតំបន់​ព្រៃឡង់ ក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ប្រធានស្នាក់ការបរិស្ថានអូរងាវ លោក ជន ជីន បានឃុប​ឃិត​ឲ្យឈ្មួញកាប់ឈើ​យ៉ាងអនាធិបតេយ្យជាថ្នូរនឹងផលប្រយោជន៍ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនអនុផល​ព្រៃឈើ ត្រូវលោក ជន ជីន បង្ក្រាប​យ៉ាងសាហាវព្រៃផ្សៃ ។ លោកជន ជីន បាននិយាយប្រាប់សហគមន៍​ការពារព្រៃឈើ​ថា ខ្លួនមិនមែនចេះតែអាច​លេបម្នាក់ឯង​នោះទេ ប៉ុន្តែ​បានចែករំលែក​ផ្តល់សេចក្តីសុខ​ជូនលោក តុប កក្កដា ប្រធានមន្ទីរ​បរិស្ថានខេត្តកំពង់ធំនោះដែរ ។ លោកជីន បានបន្ថែមថា សព្វថ្ងៃនេះ ការងារព្រៃឈើ​លំបាកណាស់ ដូច្នេះ ត្រូវមានខ្នងបង្អែក​ត្រឹមត្រូវ ទើបអាច​រស់បានស្រួល ។

ប្រភពពីប្រជាពលរដ្ឋ​បានឲ្យដឹងថា បុរសឈ្មោះ ជន ជីន ដែលជាប្រធានស្នាក់ការបរិស្ថានអូរងាវ បានឃុបឃិត​អនុញ្ញាត​ឲ្យឈ្មួញ​ចូលកាប់ឈើ​នៅតំបន់ព្រៃឡង់​ហើយដឹកយកទៅលាក់ទុកនៅក្នុងចម្ការកៅស៊ូ របស់ក្រុមហ៊ុន CRCK ហើយមានឱកាស​នឹងដឹកចេញ ។

នៅពេលដែលឈើផុតពីដែនសមត្ថកិច្ចបរិស្ថានហើយនោះ វាជា​ផលលាភ​របស់មន្ត្រីរដ្ឋបាលព្រៃឈើ​វិញម្តង ។ ប្រជាពលរដ្ឋ​ឲ្យដឹងថា សកម្មភាព​កាប់បំផ្លាញព្រៃឈើ​នៅចំណុចអូរងាវ កំពុងកើតឡើង​យ៉ាងសកម្មប្រជែងគ្នានៃក្រុម​អ្នករកស៊ីឈើនៅតំបន់នោះ លោកជន ជីន គិតតែពីដើររាប់​ក្បាលឈ្មួញ ដើម្បីយកប្រាក់តែប៉ុណ្ណោះ ។ នៅពេលដែល​មិនមានការកាប់បំផ្លាញព្រៃឈើ លោក ជន ជីន ហាក់ដូចជា​ភ័យទៅវិញ ទំនងជាភ័យ​ខ្លាចគ្មានលុយបង់ឲ្យមេនៅឯខេត្ត ។

អាជ្ញាធរខេត្តកំពង់ធំ​របស់លោកសុខ លូ ក៏ដូចជាខាងក្រសួងបរិស្ថាន ជឿតែទៅលើរបាយការណ៍ភូតកុហក់​របស់លោក តុប កក្កដា តែប៉ុណ្ណោះ ។ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំជាអ្នកឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីស្រេចតែចិត្ត ។ សកម្មភាពកាប់បំផ្លាញព្រៃឈើ​នៅខេត្តកំពង់ធំ មិនមែននៅតែក្នុងតំបន់អូរងាវប៉ុណ្ណោះទេ ប៉ុន្តែក្រោមដែនសមត្ថកិច្ចបរិស្ថានផ្សេងទៀត ក៏កំពុងកើតមានយ៉ាងអនាធិបតេយ្យណាស់ដែរ ។ ចំណែកមន្ត្រីបរិស្ថានខេត្តកំពង់ធំឯណេះវិញអះអាងថា លោកប្រធានមន្ទីរមិនមែនគ្រប់ទឹក​តែបញ្ហាព្រៃឈើទេ សូម្បីតែនៅបឹងទន្លេ​សាប​ក៏លោកគ្រប់ទឹកណាស់ដែរ ៕


ចែករំលែក៖